ភ្នំពេញ : នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋហ្វាំងឡង់ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជាត្រូវបានដឹកនាំដោយ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចំណែកឯភាគីហ្វាំងឡង់ ត្រូវបានដឹកនាំដោយ លោក Jari Sinkari អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិក និងអាស៊ី នៃក្រសួងការបរទេសហ្វាំងឡង់។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសហ្វាំងឡង់ ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លាមកកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងបានជម្រាបជូនភ្ញៀវអំពីស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងរៀបរាប់អំពីសកម្មភាពការងាររបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នេះ។
លោក Jari Sinkari បានកោតសរសើរកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញកាលពីដើមខែសីហា ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ ព្រមទាំងបានជូនពរកម្ពុជា សូមទទួលបានជោគជ័យកាន់ច្រើនថែមទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ និងបានឯកភាពគ្នាថា កិច្ចពិគ្រោះយោបល់ទ្វេភាគីនេះគឺជាយន្តការដ៏ប្រសើរ មានប្រសិទ្ធភាព និង សំខាន់បំផុត ដែលជួយប្រទេសទាំងពីរឲ្យរកឃើញ និងពង្រីកបន្ថែមទៀតនូវវិស័យសក្ដានុពលនានាសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងសកលលោកមួយចំនួន ដែលជាផលប្រយោជន៍ និងកង្វល់រួម។
នៅចុងបញ្ចប់នៃកិច្ចប្រជុំពិគ្រោះយោបល់នេះ ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងធ្វើឡើងនៅទីក្រុង Helsinki នាពេលខាងមុខ ៕
ដោយ : សិលា