សារថ្វាយព្រះពររបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ ក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​

ចែករំលែក៖

ភ្នំពេញ : សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ សូម ព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្លៃថ្លា ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីគម្រប់ខួបលើកទី១៨ ព្រះវស្សានៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវ កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ចំពោះព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលទ្រង់បានបំពេញព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវ ព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្តម ព្រះរាជហឫទ័យសណ្ដោសដ៏ថ្លៃថ្លា ធ្វើឱ្យប្រជាជាតិទាំងមូលមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពជាតិទាំងក្នុងតំបន់ និងលើសកលលោក។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងសូមអធិដ្ឋានដល់ព្រះបារមីនៃទេវតា ថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះឫទ្ធានុភាពនៃ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសសូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមតាមជួយទ្រទ្រង់ ថែរក្សាការពារ ព្រះករុណាថ្លៃវិសេស ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះកាយ ពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីទ្រង់គង់ប្រថាប់នៅក្នុងសិរីរាជ្យសម្បត្តិយូរអង្វែង សម្រាប់ជាម្លប់ដ៏ ត្រជាក់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដ៏សុខក្សេមក្សាន្ត និងប្រជាជាតិខ្មែរសម្បូណ៌សប្បាយថ្កុំថ្កើង រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

សេចក្តីគួរពុំគួរ សូម ព្រះករុណាថ្លៃវិសេស ទ្រង់ព្រះមេត្តាប្រោស ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print