Update៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជិត៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៦៨៤.៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ។

តាមការឲ្យដឹងពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ ដែលជាតំបន់វាលទំនាបកណ្ដាល ទទួលរងនៅគ្រោះទឹកជំនន់ ធ្វើឲ្យប៉ះពាល់ចំនួន០៩ ក្រុង ស្រុក ៥១ឃុំ សង្កាត់ និង ២៩២ភូមិ ប្រជាពលរដ្ឋចំនួន ២៩.៣៣៦គ្រួសារ ក្នុងនោះ ជម្លៀស ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន១,៥០១គ្រួសារ។ ប៉ះពាល់ដំណាំស្រូវ ២៥៣៩៥ហិកតា ខូចខាត ១២៣០៧ហិកតា និងដំណាំរួមផ្សំ ១៧៦៦ហិកតា ខូចខាត ១.២៥៦ហិកតា និងប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ ខូចខាតសា្ថនទាំងស្រុងចំនួន ០២កន្លែង ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។

ជាកិច្ចចាប់ផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់ៗរូប។ ដោយសារថ្ងៃនេះគឺជាខួប១៨ព្រះវស្សានៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរ និងបានថ្លែងថាក្នុងរយៈពេល១៨ព្រះវស្សានេះ ព្រះអង្គបានគ្រងរាជសម្បត្តិ និងនាំមកនូវសុខសន្តិភាព ជូនប្រជារាស្ត្រខ្មែរទូទាំងនគរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ សម្តេចតេជោបានមានប្រសាសន៍ថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលដែលពលរដ្ឋមានទុក្ខលំបាក។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ។

នៅថ្ងៃនេះ សម្តេចតេជោបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អោយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។សម្តេចតេជោនៅតែបន្តអំពាវនាវប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ៨លានដូសទៀត។

ទាក់ទងទៅនឹងរឿងនយោបាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានប្រកាន់យករបបរាជានិយម ដូច្នេះយើងមិនត្រូវបណ្តែតបណ្តោយឱ្យមានការប្រមាថចំពោះព្រះមហាក្សត្រនោះឡើយ។ សម្តេចតេជោក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបក្សភ្លើងទៀន និងបក្សដ៏ទៃទៀត ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រកម្ពុជា។

...

មុននឹងបញ្ចប់ និងបន្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ធំ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងត្រឡប់ទៅផ្ទះវិញប្រកបដោយសេចក្តីសុខ សុវត្ថិភាព គ្រប់ៗគ្នា៕ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print