សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ ប្រសាសន៍សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ ក្នុងពិធីអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជាង​ ៦ពាន់គ្រួសារ។ ពិធីរៀបចំធ្វើឡើងនៅទីលានបាល់ទាត់ខេត្តកំពង់ធំ​ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២នេះ​។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំនាពេលនេះ។

– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយព្រះករុណា ជាអម្ចាស់ ក្នុងព្រះរាជពិធីខួបគម្រប់១៨ ព្រះវស្សា (២៩ តុលា ២០០៤ – ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។

– សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ គ្រង​ព្រះបរម​សិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនឱ្យគេដៀលថា «អាអត់ពូជនោះទេ»។ ពាក្យថា អត់ពូជនេះ សម្តេចចង់បញ្ជាក់ថា មិនឱ្យប្រជាពលរដ្ឋ ដែលជាប្រជាកសិករ អត់ពូជស្រូវ ពូជដំណាំ សម្រាប់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋនោះទេ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទីណាមានការលំបាក ទីនោះតែងមានមុខអាជ្ញាធរ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះទៅដល់កន្លែងនោះ ដើម្បីដោះស្រាយបញ្ហា​លំបាក​របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ​ជាយថាហេតុ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្រាបបង្គំអរគុណ ដល់សម្តេចសង្ឃទាំងពីរគណៈ ដែល​បានបរិច្ចាគបច្ច័យ(ជាថវិកា)ជូនដល់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយការ​លំបាក​របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់សប្បុរសជនក្នុងស្រុកទាំងអស់ ដែល​​មានសមានចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បី​ដោះស្រាយ​ការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចយល់ណាស់ ពីការលំបាករបស់ប្រជាពលរដ្ឋ ព្រោះសម្តេច ក៏កើតចេញពីកូនកសិករធ្វើស្រែ-ចំការដែរ។ សម្តេចបាននិពន្ធបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ជីវិតអ្នកចំការ វាសនាអ្នកស្រែ» ដែលរៀបរាប់យ៉ាងលម្អិត ពីជីវិតកសិករ ជាពិសេសពេលមានគ្រោះធម្មជាតិផ្សេងៗ ដែលនឹកស្មានមិនដល។

– សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលឡើងកាន់តួនាទីកំពូលរបស់ជាតិ បានឡើងប្រកាសប្តេជ្ញា និងត្រូវបានកត់ត្រាយ៉ាងច្បាស់ថា «សម្តេចមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬរងភាពលំបាកលំបិន ដោយយើងមិនបានដឹង និងមិនមានដោះស្រាយនោះទេ»។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដី ក្នុង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ហើយសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់គ្នា នឹងនៅបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ និងការបោះឆ្នោតក្រោយៗទៀត។

– សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​បន្តមាន​វិធានការ​ការពារ​ខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នា​ទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា តាម​ការណែនាំ​របស់គ្រូពេទ្យ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានៅសល់វ៉ាក់សាំងកូវីដ-១៩​ ជាង ៨លានដូលទៀតស្តុកទុកក្នុងឃ្លាំងបម្រុងទុក ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ ក្នុងនោះមានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនលានដូសទៀត បានបញ្ជាទិញទីមិត្តចិន និងអាមេរិក ហើយវ៉ាក់សាំងនោះ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់គណបក្សភ្លើងទៀន និងសមាជិក សមាជិកា គណបក្សភ្លើងទៀននៅតាមមូលដ្ឋាន ដែលបានចេញញត្តិថ្កោលទោសជនទាំងឡាយ ដែលសំដៅលើជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថព្រះករុណា ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរមិនអាចទទួលយក។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីមិនអត់ឱន ឬលើកលែងឱ្យបក្សណាក៏ដោយ ឬជនណាក៏ដោយ ដែលភ្ជាប់ខ្លួនទៅជាមួយជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ដែលធ្វើនយោបាយបំផ្លាញជាតិសាសន៍ និងប្រជាជនខ្លួនឯង ព្រមទាំងប្រមាថព្រះករុណា ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លើកិច្ចការមួយចំនួនពាក់ព័ន្ធកិច្ចសហប្រតិបត្តិក្របខ័ណ្ឌអាស៊ាន និងអ៊ុយក្រែន។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញលោកពូទីន​ ប្រធានាធិបតី​រុស្ស៊ី​ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតប។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។

-ពេលធ្វើដំណើរតាមយន្តហោះសម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា ទឹកនៅច្រើនតាមវាលស្រែ ជាអំណោយផលល្អសម្រាប់ការធ្វើស្រែឡើងវិញ។​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅកៀកកិតជាមួយប្រជាពលរដ្ឋរាល់ពេលមានទុក្ខ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកការលំបាកក្នុងគ្រួសាររបស់សម្តេច ពេលជួបគ្រោះទឹកជំនន់ កាលសម្តេចនៅក្មេង។ សម្តេចតេជោ រំលឹកថា ឪពុកសម្តេចបានស្រក់ទឹកភ្នែកពេលមុជទឹកដកស្រូវមករលួយអស់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមពីបទពិសោធន៍ដ៏លំបាកនេះ ធ្វើឱ្យសម្តេចយល់យ៉ាងច្បាស់ពីការលំបាករបស់ប្រជាកសិរ ហើយក៏ធ្វើឱ្យសម្តេចដាក់ចេញគោលនយោបាយជាច្រើន ដើម្បីលើកស្ទួយកសិកម្ម ក្រោយពេលសម្តេចធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនទៀត នៅឆ្នាំ២០២៣។

-សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរទៅប្រជាពលរដ្ឋថា ពេលមានទុក្ខ គឺតែងតែមានការជួយពីសំណាក់មន្ត្រីបក្សប្រជាជនកម្ពុជា ហេតុអ្វីពេលបោះឆ្នោតបោះឱ្យគេដែលគ្រាន់តែចុះមកនិយាយ?

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាតិឆ្នាំ២០២៣ គឺជាថវិកាជួយមនុស្ស និងដើម្បីកំណើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបន្តបញ្ចេញថវិកាជាច្រើន ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ។

...

សូមជម្រាបជូនថា​ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជ និងស្បៀងអាហារនេះ មានចំនួន ៦,៨៤៤គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ។ ស្រូវពូជដេលនឹងប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ៦៨៤,៤០០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ត្រីខ មី និងថវិកាមួយចំនួនទៀត៕ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print