ភ្នំពេញ៖ កម្មវិធីប្រគួតMiss Grand International 2022 បានបញ្ចប់រួចទៅហើយកាលពីថ្មីៗនេះខណៈដែលកញ្ញាឯកពីកម្ពុជា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលទទួលបានតំណែងរងលំដាប់ទី៥ នោះនៅមិនទាន់វិលមកមាតុប្រទេសវិញនៅឡើយ។ នាងនឹងត្រូវចំណាយពេលវេលានៅប្រទេសឥណ្ឌូនេស៊ី និងបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីបំពេញការងារមួយចំនួនរបស់ក្រុមហ៊ុនផ្តល់ជូនរួមទាំងការងារជាច្រើនដែលត្រូវធ្វើរួមគ្នានឹងកញ្ញាឯកនៃព្រះរាជាណាចក្រថៃ នាង Engfa ដែរ។
គេចាំបានថាមុនពេលចាកចេញពីប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះនៃកម្មវិធីប្រគួតឆ្នាំនេះ កញ្ញាឯកជាម្ចាស់មកុដទាំង១០រូបក៏បានបង្ហាញវត្តមានក្នុងកម្មវិធីមួយចំនួនពិសេសកម្មវិធីទូរទស្សន៍របស់ប្រទេសនេះ។ គេក៏រំពឹងដែរថា ទាំងម្ចាស់មកុដ និងកញ្ញាឯកទាំងអស់នឹងបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍នៃប្រទេសថៃផងដែរ ខណៈដែលពេលនេះក៏មានពលរដ្ឋថៃជាច្រើនចាប់អារម្មណ៍នឹងសមត្ថភាពរូបសម្រស់របស់ កញ្ញាឯកពីកម្ពុជាផងដែរ។ អ្វីដែលជាក្តីរំពឹងមួយទៀតនោះគេ រងចាំវត្តមាននៃការអញ្ជើញមកដល់របស់ម្ចាស់មកុដទាំងអស់នឹងធ្វើដំណើរកម្សាន្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃណាមួយ។
ទោះជាយ៉ាងណាបើយោងតាមការទម្លាយពីអ្នកជិតដិតនាងថា វត្តីអាចនឹងចំណាយពេលបន្តនៅប្រទេសថៃរហូតដល់ចុងឆ្នាំ ២០២២ ទើបវិលត្រឡប់មកវិញ ព្រោះតែនៅទៅនោះនាងទទួលបានការងារមួយចំនួនដែលក្រុមហ៊ុនផ្តល់ជូន ពិសេសក្រោយទទួលបានតំណែងមួយនេះនាងក៏ត្រូវបានម្ចាស់ផលិតផលមួយចំនួននៅប្រទេសថៃមានការចាប់អារម្មណ៍ផងដែរ ដូចនេះនាងមានទីផ្សារខ្ពស់នៅពេលនេះស្របពេលដែលក្រុមហ៊ុនក៏នឹងទម្លាក់ការងារមួយចំនួនសម្រាប់នាងផងដែរ។ មានការទម្លាយដែរថា ក្រៅពីការងារដាច់ដោយឡែកនាងក៏ទទួលបានការងាររួមគ្នាជាមួយ Engfa ដែលជាកញ្ញាឯកថៃ និងជាម្ចាស់ជ័យលាភីរងលំដាប់ទី១របស់Miss Grand International 2022ផងដែរព្រោះតែក្នុងអំឡុងពេលនៃការប្រគួតគេសង្កេតឃើញនាងស្និទ្ធិស្នាលនឹងEngfa ពិសេសគេចាប់អារម្មណ៍លើរូបសម្រស់ និងសមត្ថភាពរបស់វត្តី ខណៈភាសាថៃរបស់នាងក៏អាចប្រើការបាន ដែលកាន់តែធ្វើឲ្យមានភាពងាយស្រួលក្នុងការបំពេញការងារផងដែរ។ ការលើកឡើងនេះក៏ស្របទៅនឹងការអះអាងរបស់លោកណាវ៉ាត់ជាអ្នកគ្រប់គ្រងកម្មវិធីដែលធ្លាប់បានលើកឡើងមុននេះថា កញ្ញាឯកដែលទទួលបានមកុដទាំង១០រូបក្នុងឱកាសខួបគម្រប់១០ឆ្នាំរបស់កម្ពុជា Miss Grand International នឹងទទួលបានការងារច្រើន និងតម្លៃខ្លួនខ្ពស់។ ទោះជាយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបន្តធ្វើការងារជាមួយក្រុមហ៊ុន និងម្ចាស់ប្រេនល្បីៗនៅកម្ពុជាផងដែរ ពោលគឺនាងអាចនឹងចេញចូលប្រទេសថៃញឹកញាប់នៅពេលខាងមុខ៕
ដោយ វឌ្ឍនា