សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាអំពាក់១ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ លោក​ វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ និងស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៩​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានអញ្ជើញជា​អធិបតីភាព​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាអំពាក់១ ស្ថិតនៅភូមិរពាក់១ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែល​ជាអំណោយសម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត។

ក្នុងពិធីនេះ ក៏មានការអញ្ជើញ​ចូល​រួម​ជា​កិត្តិយសផ​ង​ដែរ​ពី​សំណាក​លោក​អនុ​ប្រធាន​ក្រុម​ការងារ លោក លោកស្រីប្រធានក្រុមការងារចុះជួយឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​សរុប ៤០០នាក់ផងដែរ។

លោក​ វេង​ សុខុន​ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តី​នឹក​រលឹក​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ជូន​បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ ប្រការ។ លោក​ប្រធាន​ បានបន្ថែមថា សមិទ្ធផល និងការអភិវឌ្ឍដែលទទួលបានដូចសព្វថ្ងៃនេះ គឺដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព និងស្ថិរភាព​នយោបាយ​ពេញ​លេញ​ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មួយវិញទៀត ការអភវិឌ្ឍធនធានមនុស្ស ដើម្បី​លើក​ស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំក៏ជាចំណុចអាទិភាពរបស់សម្តេចតេជោផងដែរ។ ហេតុនេះ លោក​ វេង​ សុខុន​ ​ជឿជាក់ថា អគារសិក្សាថ្មី ១ខ្នងនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតនឹងជួយលើកស្ទួយ និងផ្តល់បរិយាកាសយ៉ាងល្អសម្រាប់លោកគ្រូ អ្នកគ្រូ ព្រម​ទាំង​សិស្សក្នុងសាលាបឋមសិក្សាអំពាក់១ ទាំងអស់ ដើម្បីពង្រឹង និងពង្រីកចំណេះ​ដឹង​បន្ថែម​ទៀត​។

ក្រៅពីនេះ លោកប្រធានក្រុមការងារ​ ក៏បានរំលឹកអំពីសមិទ្ធផលជាច្រើនដែលលោក និង​ក្រុម​ការងារ​សម្រេច​បានក្នុងរយៈពេលជាង ២០ឆ្នាំ នៃការចុះមកជួយស្រុកតំបែរ ហើយ​សន្យា​ថា​នឹង​បន្ត​ចុះ​ជួយ ដោះស្រាយរាល់បញ្ហា ចិញ្ចឹមចលនា និងគាំទ្រប្រជាពលរដ្ឋយើងបន្តទៀត។ សមិទ្ធ​ផល​ទាំង​អស់នេះ គឺមិនអាចកាត់ថ្លៃបានបើមិនមានកិច្ចសហការ និងការគាំទ្រ​ពី​សំណាក់​ប្រជាជន​យើង​នៅ​ស្រុក​តំបែរ ហេតុនេះលោកប្រធានបានណែនាំ និងផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ​ នៃ​ស្រុក​តំបែរ និង​ទូទាំងខេត្តត្បូងឃ្មុំទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា ជាពិសេស​ត្រូវ​បន្ត​នូវ​ការការពារ គាំទ្រ និង​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ជា​ប្រធាន​គណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា អគារសិក្សា ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​មានទំហំ ៩ម៉ែត្រ​ គុណ​និង​៤០ម៉ែត្រ មានចំនួន ៥បន្ទប់ ត្រូវបានសាងសង់អស់រយៈពេល ៥ខែ ចាប់​ពីខែឧសភា ដល់ ខែតុលាឆ្នាំ២០២២ និងបានចំណាយ​ថវិកា​ នៃ​ការ​សាង​សង​បូក​រួម​ទាំង​បំពាក់​សម្ភារៈអស់សរុប ៩៧ ៤៧០ ដុល្លារអាមេរិក។

...

បន្ថែមពីនេះ​ លោក​ វេង​ សុខុន​ ប្រធានក្រុមការងារ​ ​​ក៏​បាន​ឧបត្ថម្ភក្នុ​ងការជួសជុលផ្លូវ និងជូនប្រជាពលរដ្ឋ កង​កម្លាំង និងប្រជាការពារ សាលាបឋម​សិក្សាអំ​ពាក់១ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស គណបក្ស​ស្រុកតំបែរនូវថវិកាសរុបចំនួន ២០ លានរៀល​ ព្រមទាំង​ឧបត្ថម្ភ​កុំព្យូទ័រ និងម៉ាស៊ីនព្រីន ១ឈុត​ផង​ដែរ​ សម្រាប់​ប្រើប្រាស់​ក្នុង​សាលា​បឋម​សិក្សា​អំពាក់១​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print