ខេត្តកំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងជួបពិភាក្សាការងារតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ។
សម្តេចបានថ្លែងបែបនេះក្នុងពិធីជួបចែកពូជស្រូវ និងស្បៀងអាហារដល់ពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តកំពង់ធំជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
សម្តេចបានថែ្លងថា៖ «ថ្ងៃទី០១ ខែវិច្ឆិកា ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនពិភាក្សាគ្នាតាមទូរសព្ទ ខ្ញុំទុកឱ្យគាត់រើស (ម៉ោង និងថ្ងៃ) ដោយសារតែអ៊ុយក្រែនខុសគ្នាដល់ទៅ ៤ម៉ោង អ៊ីចឹងទេខ្ញុំដាក់ ម៉ោង ៤រសៀល ឬម៉ោង ៣រសៀល បើដាក់ម៉ោង ៤ គឺវាត្រូវនឹងម៉ោងថ្ងៃត្រង់នៅនោះ (អ៊ុយក្រែន)។ ដោយសារខ្ញុំនេះជាប្រធានអាស៊ាន អ៊ីចឹងកិច្ចការគាត់ក៏ចង់មានទំនាក់ទំនង គាត់ស្នើ ហើយអ៊ុយក្រែនអាចមកចុះហត្ថលេខា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អាចមកចុះ ហើយនឹងអេស្បាញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង មិត្តភាពសហប្រតិបត្តិការអាស៊ីអាគ្នេយ៍»។
ជាមួយគ្នានេះ សម្តេចក៏បានអញ្ជើញលោកប្រធានាធិបតីរុស្ស៊ីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខដែរ ប៉ុន្តែលោកមិនទាន់ឆ្លើយតបនៅឡើយ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា,បេសកកម្មជួយប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។
មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាងច្រើនដោយឯកសារត្រូវពិនិត្យសម្រេចនិងចុះហត្ថលេខានៅរង់ចាំ។
ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូកជាមួយនឹងការចូលរួមប្រជុំG20និងការ
ចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។
ប្រសិនគ្មានការប្រែប្រួលនិងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតី
អ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕
ដោយ : សិលា