សារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា មន្ត្រីហ្វីលីពីនបានឱ្យដឹងនៅថ្ងៃទី២៩ខែតុលានេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងពីព្យុះ Nalgae នៅឯភាគខាងត្បូងនៃប្រទេសបានកើនឡើងដល់ ៧២នាក់ហើយ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនកាលពីថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថា ឥទ្ធិពលនៃព្យុះត្រូពិកឈ្មោះ Nalgae បាននាំមកនូវភ្លៀងធ្លាក់យ៉ាងជោកជាំកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបង្កឱ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់។ ខេត្តម៉ាហ្គីនដាណាវ (Maguindanao) រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្ស៦៧នាក់បានស្លាប់។ ចំណែកឯ មនុស្ស៣៣នាក់ទៀតបានរងរបួស និង១៤នាក់បាត់ខ្លួនផងដែរ។
ព្យុះត្រូពិក Nalgae មិនទាន់បោកបក់មកដល់ប្រទេសហ្វីលីពីនតែម្តងនៅឡើយទេ ដោយវាកំពុងបន្តដំណើរឆ្ពោះទៅភាគខាងជើងប្រទេសអាស៊ានមួយនេះ ខណៈដែលអាជ្ញាធរការពារជនស៉ីវិលបានអះអាងថា មនុស្សជិត៥,០០០នាក់ ត្រូវបានជម្លៀសពីតំបន់ងាយរងគ្រោះបំណាក់ដី និងទឹកជំនន់នៅទីនោះ មុនពេលព្យុះ Nalgae ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់នៅខ្ទង់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕ ដោយធីរីណា
រូបថត : Reuters