ខេត្តកំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ៥ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ អញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាកសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ សរុប ២,៤៩៩ គ្រួសារ (ស្រុកព្រៃឈរ ១,៥០៨ គ្រួសារ និងស្រុកជើងព្រៃ ៩៩១ គ្រួសារ) ក្នុង ១គ្រួសារ ទទួលបានពូជស្រូវ ១០០ គីឡូក្រាម។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក៏បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដោយការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ពីសម្តេចទាំងទ្វេរនៅទូទាំងប្រទេស ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក លោកស្រី តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ តំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក លោកស្រីសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករ នៅក្នុងបរិវេណវិទ្យាល័យ ព្រៃទទឹង ស្រុកព្រៃឈរ និងបរិវេណសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម៕ ដោយ៖សហការី