ខេត្តស្ទឹងត្រែង: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍បានចុះសិក្សា ត្រួតពិនិត្យ ប្រមូលព័ត៌មាននិងទិន្នន័យសេវាទូរគមនាគមន៍ និងកំណត់ទីតាំងសាងសង់ស្ថានីយ៍អង់តែន ចំនួន៦ទីតាំងដែលជាតំបន់គោលដៅទេសចរណ៍អាទិភាពស្ថិតនៅឃុំសង្កាត់ចំ៦ ក្រុង ស្រុក ចំនួន៤ ក្នុងខេត្តស្ទឹងត្រែង។
ក្នុងបេសកកម្មចុះសិក្សាទីតាំងសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័តនៅខេត្តស្ទឹងត្រែង ចាប់ថ្ងៃទី២៤ដល់ថ្ងៃទី៣១តុលាឆ្នាំ២០២នេះ លោកញឹក កោសល្យវិទ្យា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងារប្រតិបត្តិតំបន់៥បានមានប្រសាសន៏ថា: ក្រុមការងារអន្តរក្រសួងនិងមន្ទីរ/ក្នុងនោះមានទេសចរណ៍ .បរិស្ថាន .វប្បធម៌និងវិចិត្រសិល្បៈ ដោយបានសហការជាមួយក្រុមការងារប្រតិបត្តិករ ទូរសព្ទចល័ត ក្រុមការងារប្រតិបត្តិករ សាងសង់បង្គោលអង់តែន រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានឯកភាពគ្នាសម្រេចយក ទីតាំងដែលអាជ្ញាធរមូលដ្ឋានបានចង្អុលបង្ហាញ និងផ្តល់ដីធ្វើជាទីតាំងសាងសង់បង្គោលអង់តែន ដើម្បីធ្វើឱ្យតំបន់ទាំងនោះមានសេវាទូរស័ព្ទនិងសេវាអ៉ិនធឺណិត ដែលមានគុណភាពល្អ និងវិសាលភាពសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនយើង និងជាពិសេសភ្ញៀវទេសចរ។
លោកអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ ក៏បានមានប្រសាសន៍បន្ថែមថា: តំបន់ដែលបានកំណត់ដាក់បង្គោលស្ថានីយ៍អង់តែនទូរស័ព្ទទាំង៦នេះ ជាតំបន់ទេសចរណ៍និងដាច់ស្រយាល និងស្ថិតនៅកៀកជិតទៅនឹងរមណីយដ្ឋានអេកូទេសចរណ៍ដែលអាជ្ញាធរខេត្តស្ទឹងត្រែង បានបង្កើតឡើង ហើយមានភ្ញៀវទេសចរទៅកម្សាន្តច្រើននៅរដូវប្រាំង។
លោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា: នេះជាការគិតគូរនិងបានរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍ នៅក្នុងខេត្ត តបតាមប្រសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩ នៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២កន្លងមកនេះ។
លោកស្រីនេត ចន្ទ័វរិន្ទ ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ដែរថា: ឆ្លើយតបតាមតម្រូវការចាំបាច់នោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសាងសង់ស្ថានីយ៍អង់តែនបន្ថែម ចំនួន១០០នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍ នៅក្នុងនោះខេត្តស្ទឹងត្រែងចំនួន៦កន្លែងទៀត សម្រាប់ដំណាក់កាលទី១ស្ថិតនៅតាមគោលដៅទេសចរណ៍ តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល។
សូមបញ្ជាក់ថា: ស្ថានីយ៍អង់តែនទាំង៦នេះ នឹងត្រូវរៀបចំសាងសង់ឡើងនៅទីតាំងស្ថិតនៅក្នុងឃុំ សង្កាត់ ចំនួន៦ និងក្រុង ស្រុក មានចំនួន៤ រួមមាន: ទី១ រមណីយដ្ឋានអាហារដ្ឋាន ត្មាត ស្ថិតនៅភូមិខិស្វាយ ឃុំព្រែកមាស- ទី២ សហគមន៍អេកូទេសចរណ៍អូរចាយ ស្ថិតនៅឃុំសន្តិភាព ក្នុងស្រុកសៀមប៉ាង -ទី៣ សហគមន៍អេកូទេសចរណ៍កោះហាន ស្ថិតនៅភូមិខាំផាន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង -ទី៤ សហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្ថិតនៅភូមិអន្លង់ស្វាយឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ-ទី៥ សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតនៅឃុំសំអាង និងទី៦ រមណីយដ្ឋានអាចារ្យភ្លើង ស្ថិតនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីឆ្លើយតបតម្រូវការចាំបាច់ ដល់អតិថិជន ភ្ញៀវជាតិនិងអន្តរជាតិ មកកម្សាន្តនៅតាមសហគមន៍ អេកូទេសចរណ៍ និងតំបន់ដាច់ស្រយាលផងដែរ៕
ដោយ÷ មាស សុផាត