បេក្ខភាពប្រធានាធិបតី មកពីគណបក្សពលករ(PT) លោក Luiz Inacio Lula da Silva ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលជុំទីពីរ ដោយលោកទទួលបានការគាំទ្រ ៥០,៨% ។ លទ្ធផលទាំងនោះហើយនឹងជួយឲ្យលោកក្លាយជាប្រធានាធិបតីជំនួសលោក Jair Bolsonaro ចាប់ពីថ្ងៃទី ១ខែមករាឆ្នាំ២០២៣ ក្នុងអាណត្តិ ៤ឆ្នាំ។
សន្លឹកឆ្នោតដល់ទៅ ៩៩% ត្រូវបានរាប់រួច តុលាការបោះឆ្នោតប្រេស៊ីល(TSE) គណកម្មការបោះឆ្នោតសភាប្រេស៊ីល បានប្រកាសថាលទ្ធផលទាំងនោះ មិនអាចផ្លាស់ប្តូរបានឡើយ ខណៈបេក្ខភាពមកពីគណបក្សសេរី និងប្រធានាធិបតី Bolsonaro ទទួលបានការគាំទ្រតែ ៤៩,២%ប៉ុណ្ណោះ ។
លោក Lula da Silva អាយុ៧៦ឆ្នាំ ជាអ្នកនយោបាយជើងចាស់ ដោយលោកធ្លាប់កាន់តំណែងប្រធានាធិបតីពីរអាណត្តិចាប់ពី ឆ្នាំ២០០៣ ដល់ឆ្នាំ២០១០។ ក្នុងពេលឃោសនាបោះឆ្នោត លោក Lula da Silva ប្រកាសថានឹងផ្តល់អាទិភាព ក្នុងការធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅរបស់ពលរដ្ឋប្រេស៊ីល ដែលរងផលប៉ះពាលដោយសារតែ វិបត្តិកូវីដ១៩។
នៅក្នុងការបោះឆ្នោតជុំទីមួយ កាលពីថ្ងៃទី ២ខែតុលា លោក Lula da Silva ទទួលបានការគាំទ្រខ្ពស់ជាងគេបំផុត គឺមានដល់ទៅ ៤៨,៤% ចំណែកប្រធានាធិបតី Bolsonaro ទទួលបានតែ ៤៣,២%ប៉ុណ្ណោះ។ ដូច្នេះបេក្ខភាពទាំងពីររូប មិនទទួលបានការគាំទ្រ លើសពី៥០% ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ៕
រូបថត : AFP