ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រថ្មីទៀត អាចនឹងបញ្ចប់នៅខែវិច្ឆិកា ដូចការគ្រោងទុក។

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ការងារនឹងបញ្ចប់ បន្ទាប់ពី​ការងារ​រៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ ហើយការងាររៀបឡើងវិញនូវ​កាំជណ្តើរថ្មភក់​បុរាណ រៀបត្រូវតាមលំដើម មានដំណើរការឆាប់រហ័ស ​ដែលមកដល់ពេលនេះ នៅសល់តែកាំ​ជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ ។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ​ និងបុរាណវិទ្យា របស់អាជ្ញាធរ​ជាតិអប្សរា និងជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងជើង បានឱ្យដឹងថា ការងារ​ជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល​ នៃប្រាសាទអង្គរវត្ត អាចនឹងបញ្ចប់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារតែការរៀបកាំជណ្តើរថ្មភក់បុរាណ ត្រូវតាមលំនាំដើម មានដំណើរការរលូនល្អ មិនរើផ្គុំច្រើនលើកច្រើនសារ។

លោកស្រី បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល​នៃប្រាសាទអង្គរវត្ត នៅសេសសល់ប្រហែល១០ភាគរយប៉ុណ្ណោះ ​ដូចជាការសម្អាត និងបំពេញ​ថ្មភក់ថ្មីជំនួសថ្មភក់ចាស់ដែលបាត់បង់ ដើម្បីឱ្យកាំជណ្តើរមានលំនឹងឡើងវិញ។

...

គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល​ នៃប្រាសាទអង្គរវត្ត បានចាប់ផ្ដើមឡើងតាំង​ពីអំឡុងខែមីនា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ៧ខែមកហើយ។ចាប់តាំងពីឆ្នាំ២០១៣ ​រហូតមកដល់ឆ្នាំ២០២២ ​អាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងជួសជុល​ច្រាំង​កសិន្ធុអង្គរវត្ត ជ្រុងខាងជើង ចំនួន៧ដំណាក់កាលរួចមកហើយ ​បើគិតជាប្រវែង ប្រមាណ ១៤៣ម៉ែត្រ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print