ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ លោក សាន់ ដារ៉ាវីត ដែលជាស្ថាបនិកយុវជនសំរាមបានបញ្ចេញសារអមដោយរូបថត និងពាក្យពេចន៍មួយចំនួនបញ្ចេញយោបល់ទៅកាន់ការស្លៀកពាក់របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ សារនោះក៏ បានបង្កើតឲ្យមានការបញ្ចេញសារផ្លែផ្កាពិសេសសង្គ្រាមពាក្យសម្តីទៅកាន់ពីសំណាក់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។
ពាក្យដែលលោកធ្លាប់ប្រើក្នុងការរិះគន់នេះ បានធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តគឺលោកលើកឡើងពីការស្លៀកពាក់របស់វត្តី គឺជាគំរូមិនល្អសម្រាប់យុវជន ពិសេសលោកបានប្រើប្រាស់ពាក្យខ្ពើមទៅកាន់ឈុតដែលនាងស្លៀកគ្រាដែលនាងកំពុងបំពេញការងារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ទោះជាយ៉ាងណាសារនេះត្រូវបានយុវជនដែលសកម្មលើការងារសង្គមរូបនេះលុបចោលក្រោយរងការរិះគន់ច្រើនពីអ្នកលេងបណ្តាញសង្គម រហូតមានអ្នកខ្លះប្រើប្រាស់ពាក្យអសីលធម៌ទៅកាន់លោកថែមទៀតផង។ ក្រោយពីស្ងាត់បន្តិចលោកទើបនឹងបញ្ចេញសារថ្មីមួយបន្ថែមទៀតភ្ជាប់ដោយរូបថតរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវ ឌី្ឍ មួយចំនួន ដែលលោកបានលើកឡើងថា៖” អធ្យាស្រ័យម្តងទៀត ទោះជាផុសមួយនេះត្រូវហ្វេនរបស់ប្អូនជេរទៀតក៏ខ្ញុំត្រូវតែផុសដែរ។ប៉ុន្មានថ្ងៃនេះបងឃើញប្អូនស្រីកែប្រែសម្លៀកបំពាក់បានគួរសម្យជាងមុនច្រើន សង្ឃឹមថាប្អូនអាចធ្វើវាដើម្បីក្មេងៗជំនាន់ក្រោយរបស់កម្ពុជា ព្រមទាំងធ្វើជាស្រ្តីគម្រូម្នាក់ដើម្បីកែប្រែការយល់ឃើញនៃរបៀបស្លៀកពាក់របស់ស្ត្រីនៅកម្ពុជាយើង មួយវិញទៀតវាក៏អាចជាកត្តាមួយកាត់បន្ថយក្តីរំលោភសេពសន្តិវៈលើស្រ្តី និង កុមារតាមបណ្តាលខេត្តភូមិស្រុកនានាផងដែរ មនុស្សទាំងអស់នៅកម្ពុជាយើងទទួលបានការប្រៀនប្រដៅមិនដូចគ្នាទេ រូបភាពសិចស៊ីតាមបណ្តាញសង្គមពិតជាចំណែកមួយដ៏សំខាន់ផងដែរ បងជឿថាប្អូនអាចធ្វើបាន។ សូមអភ័យទោសផងដែរសំរាប់ការប្រើពាក្យធ្ងន់ធ្ងរមិនសមរម្យ ប៉ះពាល់ដល់អារម្មណ៍ប្អូន ក៏ដូចជាហ្វេនរបសប្អូន ប៉ុន្តែបើសិនជាបងមិននិយាយដូច្នោះទេ សម្លេងមនុស្សតូចទាបដូចជាបងប្រហែលមិនអាចប៉ះទៅដល់ត្រចៀកប្អូនទេ សង្ឃឹមថាការលះបង់ខ្លួនឱ្យមនុស្សជេរនៅថ្ងៃនោះអាចទទួលបានសមិទ្ធិផលខ្លះ។ ប្អូនស្រីមានទាំងសម្រស់ និង ចរិយាមាយាទល្អ សូមកុំឱ្យសម្លៀកបំពាក់របស់ប្អូនបន្ទាបតម្លៃភាពជារាជនីសម្រស់របស់កម្ពុជា ក្នុងនាមជាស្ត្រីខ្មែរមួយរូបដែលកំពុងឈរលើឆាកអន្តរជាតិ។ បងចូលចិត្តអត្តចរិតនៃការបកស្រាយដោយមិនប្រកាន់ច្រើនរបស់ប្អូន សុំធ្វើជាហ្វេនម្នាក់ដែរ សូមអរគុណ”។
ឃើញការបង្ហោះសារ និងរូបថតនាង ស្រាប់តែពេជ្រ វត្តីសារ៉ាវឌ្ឍី បានតបទៅវិញថា៖ ប្អូនឃើញប្រជាជនខ្មែរជួយ Comment ដាស់តឿនបងរឿងពាក្យសំដីនិយាយមកកាន់មនុស្សស្រីអោយមានសមរម្យនិងមានការគោរពអោយសមជាមនុស្សប្រុសមានចំណេះដឹង ប្អូនសង្ឃឹមថាបងនិងកែប្រែដូចគ្នា ដេីម្បីជាគំរូដល់ក្មេងជំនាន់ក្រោយ ចំណេះដឹងក្នុងការនិយាយពិតជាសំខាន់ណាស់ដែរបងគួរតែយល់ដឹងអោយបានច្រេីនព្រោះវាបញ្ជាក់ពីសីលធម៍ការរៀនសូត្ររបស់បងផ្ទាល់តេីបងធំមករបៀបណា”។
ទោះជាយ៉ាងណាមានការចែករំលែក និងបញ្ចេញយោបល់ជាច្រើនជុំវិញការបង្ហោះសារ និងការតបទៅកាន់លោក សាន់ ដារ៉ាវីត ។ ក៏មានទស្សនិកជនជាច្រើនសុទ្ធតែស្នើឲ្យពួកគេរួមគ្នាក្នុងកិច្ចការងារសង្គមបន្តព្រោះតែពួកគាត់សុទ្ធតែជាធនធានមនុស្ស និងអាចបំពេញការងារសង្គមបានច្រើននៅថ្ងៃអនាគត៕
ដោយ វឌ្ឍនា