ខេត្តបន្ទាយមានជ័យ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ២៩៦គ្រួសារ ដែលរងគ្រោះទឹកជំនន់ មានជីវភាពខ្វះខាត ក្នុងស្រុកមង្គលបូរី។
អំណោយចែកជូនប្រជាពលរដ្ឋ រួមមាន៖ អង្ករ ;ទឹកត្រី ;ទឹកស៊ីអ៊ីវ ;ត្រីខ និងមី។
ថ្លែងសំណេះសំណាលនាឱកាសនោះ លោក អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។
លោកអភិបាលខេត្ត បានបញ្ជាក់ជូនដល់អាជ្ញាធរភូមិ ឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូនឱ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ឲ្យអស់លទ្ធភាព ដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត។
លោក អ៊ុំ រាត្រី សូមជូនពរពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ បញ្ហាខ្វះខាត ជួបទុក្ខលំបាកសូមរាយការណ៍ ផ្តល់ព័ត៌មាន មកជូនអាជ្ញាធរ កងកម្លាំង លោកមេភូមិ៕ដោយ៖សហការី