ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។
វេទិកានេះ នឹងត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញនូវដំណើរនៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀងអាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិបក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចាយ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំកំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:30នាទី ព្រឹក ពីសណ្ឋាគារសូហ្វីតែលភ្នំពេញ៕ដោយ៖ស តារា