ទុកម៉ូតូចូលលេងបាល់ចេញមកវិញបាត់ម៉ូតូ ទៅប្តឹងសមត្ថកិច្ចចាប់បានម្នាក់ដកហូតម៉ូតូបានមកវិញ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ជិះម៉ូតូទៅលេងបាល់ ហើយទុកម៉ូតូក្នុងរបង លុះលេងចប់ចេញមកវិញស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួនក៏ទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍រហូតឈានដល់ចាប់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតម៉ូតូមួយគ្រឿងបានមកវិញ ខណៈដែលជនសង្ស័យម្នាក់ទៀតរត់បាត់ស្រមោល។ករណីនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី នៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចាំង យុំាងវី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបររកត្រី មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នាចំនួន២នាក់ ១-ឈ្មោះ អុឹម យូសែប ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)និងម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។ វត្ថុតាងចាប់យករួមមាន៖ ១-ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្តាល1AB-1147(ជាម៉ូតូរបស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល1AB-1147 ទៅលេងបាល់ទាត់នៅក្នុងដីឡូត៍ទំនេរកាសូទីមក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ដោយចតម៉ូតូទុកចោលនៅខាងមុខដីឡូត៍ទំនេរកាសូទីមខាងក្រៅរបងដោយចាក់សោ.កយ៉ាងត្រឹមត្រូវ។ក្រោយពីលេងទាត់បាល់ចប់ហើយជនរងគ្រោះក៏បានដើរមកយកម៉ូតូ ស្រាប់តែបាត់ម៉ូតូពីកន្លែងទុកក៏បានផ្តល់ព័ត៌មានទៅសមត្តកិច្ច។ ក្រោយពីទទួលបានពត៍មាននេះភ្លាមកម្លាំងប៉ុស្តិ៍ដីឥដ្ឋសហការជាមួយកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ខាងលើរួមជាមួយវត្ថុតាងយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ ករណីខាងលើកម្លាំងជំនាញកំពុងសាកសួរបន្តតាមនីតិវិធី៕ ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print