ភ្នំពេញ ៖បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បានបើករថយន្តម៉ាកFord ក្នុងល្បឿនលឿន ទៅបុកបង្គោលថ្មរបងផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ និងរថយន្តដាច់កាឡេទៅមុខលែងរួច ។
ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង១០និង២០នាទីនាទី យប់ថ្ងៃទី ០២ខែវិច្ឆិកាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសមិនស្គាល់ឈ្មោះម្នាក់បើករថយន្តម៉ាកFord Ranger ពណ៌សពាក់ស្លាកលេខកម្ពុជា Sonsakun ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ចេញពីក្នុងភូមិឫស្សី ឆ្ពោះទៅទិសខាងលិច។ ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅខាងស្ដាំដៃជ្រុលបុកបង្គោលថ្មរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត។ ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ។
ក្រោយកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោលតែម្តងដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកម្លាំងជំនាញស្ទូចយករថយន្តខាងលើទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ