ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស(គ.ជ.ប.ជ)លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ការជួញដូរមនុស្សនៅកម្ពុជាពិតជាបានកើតឡើងប្រាកដមែន ប៉ុន្តែវាពុំមានច្រើនរាប់ពាន់រាប់ម៉ឺនដូចការចោទប្រកាន់ពីបរទេសនោះទេ ខណៈការជួញ ដូរនេះក៏មិនមែនខ្មែរជាអ្នកធ្វើដែរ គឺវាកើតឡើងរវាងបរទេស និងបរទេសដូចគ្នាតែប៉ុណ្ណោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបើកសិក្ខាសាលា ស្តីពីការរៀបចំ «ការបង្កើតផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃផែនការសកម្មភាពជាតិ(ឆ្នាំ២០២២-២០២៣) រយៈពេលពីរថ្ងៃ ស្ថិតនៅភោជនីយដ្ឋានទន្លេបាកសាក់២ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា បទល្មើសជូញដូរមនុស្ស ដែលបានកើតនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាបទល្មើសថ្មី ដោយសារតែវាបានកើតឡើងតាមរយៈអនឡាញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយករណី នេះក៏វាមិនមែនកើតឡើងតែនៅកម្ពុជានោះដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៩ ខែឆ្នាំ២០២២នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ,កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន១២២ករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ១៤៧ករណី (ស្រី១៦នាក់) អនីតិជន ១៣នាក់។ ក្នុងនោះ ជនសង្ស័យដែលជាជនបរទេសចំនួន ២២នាក់ មាន៤សញ្ជាតិ គឺជនជាតិចិន ១៩នាក់ ជនជាតិថៃ ១នាក់ ជនជាតិវៀតណាម ១នាក់ និងបង់ក្លាដេស ១នាក់។
ជាមួយនឹងការបង្រ្កាបការជួយដូរមនុស្សនេះ អាជ្ញាធរក៏បានជួយសង្រ្គោះជនរងគ្រោះ ២៥៤នាក់ (ស្រី១៩០នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១០០នាក់ អាយុ១៥ទៅ១៧ឆ្នាំ ២៩នាក់ និងអាយុពី ១៨ឆ្នាំឡើងទៅ ១២៥នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៣២នាក់ (ស្រី៣១នាក់) និងប្រគល់ឲ្យគ្រួសារ ២២២នាក់ (ស្រី១៥៩នាក់)៕ ដោយ៖ សូរិយា