ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល ១–០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមអេស្បាញបានបញ្ចប់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Europa League ពូល E ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ហើយក្រុមអង់គ្លេសនឹងឡើងទៅប្រកួតវគ្គ Playoff ជុំចុងក្រោយ។
កីឡាករវ័យក្មេង Alejandro Garnacho រកបានគ្រាប់បាល់ដំបូងរបស់គេសម្រាប់ Man Utd បន្ទាប់ពី១៧នាទីនៅពេលដែលCristiano Ronaldo បានស៊ុតបញ្ចូលទីឱ្យគាត់ដោយការបញ្ជូនបាល់យ៉ាងល្អហើយកីឡាករវ័យ១៨ឆ្នាំរូបនេះបានបំប៉ោងសំណាញ់ទីគូប្រកួតក្នុងតង់ទី១។
អ្នកចាត់ការលោក Erik ten Hag បាននិយាយថា “ខ្ញុំពិតជារីករាយជាមួយនឹងការលេងរបស់គាត់ គាត់គឺជាការខ្សែប្រយុទ្ធល្អម្នាក់គាត់បានស៊ុតបាល់បញ្ចូលទី និងការពារបានយ៉ាងល្អ។ វាជាការបញ្ចប់ដ៏អស្ចារ្យ ការវាយបកដ៏អស្ចារ្យ និងពិតជារីករាយ“។
Ronaldo មានឱកាសនាំមុខគ្រាប់ទី២បន្ទាប់ពីនាទីទី៤២ នៅពេលដែលគាត់បានបញ្ជូនបាល់ហោះលើសំណាញ់ទីក្រុម Sociedad ប៉ុន្តែការស៊ុតរបស់គាត់មិនចំគោលដៅទេ។ Sociedad ក៏មានឱកាសតាមស្មើបានមួយនាទីក្រោយមក ប៉ុន្តែការស៊ុតបាល់របស់Pablo Marin ពីក្រៅប្រអប់ត្រូវបានសង្គ្រោះយ៉ាងអស្ចារ្យដោយអ្នកចាំទី David De Gea ។
ក្រុម Man United ត្រូវការ១គ្រាប់ទៀតដើម្បីវ៉ាដាច់ក្រុម Sociedad ក្នុងតារាងពិន្ទុ ប៉ុន្ដែពួកគេបានព្យាយាមបង្កើតឱកាសក្នុងតង់ទីពីរនៅតែមិនបានសម្រេច។
“អ្នកមិនតែងតែទទួលបានអ្វីដែលអ្នកសមនឹងទទួលបាននោះទេ។ នៅក្នុងការប្រកួតដំបូងមានការពិន័យដែលយើងមិនបានគិតថា ជាបាល់ពិន័យ ប៉ុន្តែថ្ងៃនេះយើងបានឈ្នះ។ មានចំណុចវិជ្ជមានមួយចំនួនដូចជា Garnacho, Donny van De Beek ត្រលប់មកក្រុមវិញ យើងរកបានគ្រាប់បាល់ដ៏ល្អមួយ ប៉ុន្តែជាអកុសល យើងមិនទទួលបានពីរគ្រាប់ដែលយើងត្រូវការ”។ លោក Ten Hag បាននិយាយដូច្នេះ។
ក្រុម Sociedad ឈរ កំពូល តារាង មាន ១៥ ពិន្ទុ ដូចគ្នា នឹង United ដែរ ប៉ុន្តែចំណេញគ្រាប់បាល់ច្រើនជាង១គ្រាប់។ ចំណែកក្រុម Sheriff Tiraspol របស់ Moldova នឹងឈានទៅប្រកួត Europa Conference League បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣បន្ទាប់ពីយកឈ្នះលើ Omonoia Nicosia ក្នុងផ្ទះ ១–០ ។
ក្រុមផ្សេងទៀតដូចជា Feyenoord បានយកឈ្នះក្រុម Lazio ក្នុងលទ្ធផល ១–០ ដើម្បីបញ្ចប់កំពូលតារាងនៃពូល F បន្ទាប់ពីការប្រកួតជុំចុងក្រោយដ៏គួរឱ្យរំភើប ដែលបានធ្វើឱ្យក្រុមទាំង៤មាន៨ពិន្ទុដូចគ្នា។ ក្រុម Midtjylland របស់ដាណឺម៉ាក ដណ្តើមបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីបានយកឈ្នះក្រុម Sturm Graz របស់អូទ្រីស ក្នុងលទ្ធផល ២–០ ហើយក្រុម Lazio បានឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Conference League បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។
ក្រុមដែលឈ្នះក្នុងពូល G គឺ Freiburg បានស្មើ ១–១ នៅ Qarabag ហើយក្រុម Nantes របស់បារាំងនឹងឡើងទៅកាន់វគ្គជម្រុះជុំចុងក្រោយបន្ទាប់ពីឈ្នះ ២–០ លើក្រុម Olympiakos ។
ក្រុមឈ្នះក្នុងពូល H គឺ Ferencvaros មានសិទ្ធិសម្រាប់ឡើងជុំទី១៦ បើទោះបីជាចាញ់ Trabzonspor ១–០ ក៏ដោយ។ AS Monaco នឹងឈានចូលវគ្គ Playoff បន្ទាប់ពីយកឈ្នះ Red Star Belgrade ៤–១ ហើយក្រុម Trabzonspor បានធ្លាក់ទៅលេងនៅពាន Conference League ក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពូល។ ៕ (រូបភាព ៖ BBC Sport/Reuters/CNA)