ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖​ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ លោក សក់ សេដ្ឋា បានមានមតិស្វាគមន៍ និងមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសិក្សាពីគំនិតរួមគ្នាលើគម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀនថ្មី របស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ លោក រដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ដើម្បីឱ្យមានមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ លោក​ បានស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់ សិក្សាឱ្យបានល្អិតល្អន់លើគម្រោងពាក់ព័ន្ធការងារសំខាន់ៗ រួមមានដូចជា ៖ ការចំណាយ ការរចនាប្លង់ និងទំហំមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងកន្លែងធ្វើការរបស់មន្ត្រី និងកិច្ចការងារពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដើម្បីគោរពស្នើសុំគោលការណ៍ និងអនុសាសន៍ដឹកនាំបន្តពីថ្នាក់ដឹកនាំ។

ជាមួយគ្នានោះ​ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបជម្រាបជូនអង្គប្រជុំជ្រាបថា គម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណងជាអាទិ៍ភាពសំខាន់ចំនួន៣ រួមមាន៖ ១.កាត់បន្ថយភាពចង្អៀតណែននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត, ២.ជនជាប់ឃុំបានចូលរួមធ្វើពលកម្ម ដើម្បីសុខភាព និងស្តារនីតិសម្បទា និងទី៣.ធានាបាននិរន្តរភាពបរិស្ថានល្អ ធានាបាននូវស្ថានភាពរស់នៅរបស់ជនជាប់ឃុំប្រកបដោយសុខភាព អនាម័យ វិជ្ជាជីវៈ និងមនុស្សធម៌។ លោកឧត្តមអគ្គានុរក្ស បានបញ្ជាក់ថា គម្រោងនេះ គ្រោងសាងសងនៅឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លើផ្ទៃដីសរុប ៥០២,៦៤ហិកតា។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃខ្ពស់ដល់អង្គភាពពាក់ព័ន្ធ និងក្រុមការងារចំពោះការងាររៀបចំសេចក្តីព្រាងគម្រោងនេះឡើង ជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់អង្គប្រជុំ និងអង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវខិតខំសហការផ្លាស់ប្តូរគំនិតយោបល់សម្រាប់ជាធាតុចូល ដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងគម្រោងនេះកាន់តែល្អបន្ថែមទៀត។ លើសពីនេះទៀត លោក​ សក់​ សេដ្ឋា​ បានគូសបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀននេះ ជាគម្រោងដ៏ធំមួយ ដែលមានទិសដៅយ៉ាងសំខាន់ គឺដើម្បីបង្កើតកន្លែងព្យាបាលទណ្ឌិតគ្រឿងញៀន, ជាកន្លែងស្តារនីតិសម្បទា និងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ព្រមទាំងទប់ស្កាត់ហានីភ័យនៃការកើនឡើងទណ្ឌិតគ្រឿងញៀននៅទូទាំងប្រទេសផងដែរ៕

...

ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print