រាជធានីភ្នំពេញ ៖ លោក ប្លុង សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា “ករណីមន្ត្រីយោធាបាញ់ស្លាប់មនុស្សម្នាក់នៅខណ្ឌសែនសុខ តំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ទើបនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីយោធានោះដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ បើយោងតាមបញ្ញតិមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ បទមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្តាលឱ្យស្លាប់ដល់អ្នកដទៃ ដោយការធ្វេសប្រហែសនិងការមិនប្រុងប្រយ័ត្នឬការខ្ជីខ្ជា ។ ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។ បទមនុស្សឃាតដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី ២.០០០.០០០ ទៅ ៦.០០០.០០០ រៀល ។ ដូច្នេះមន្រ្តីយោធាដែលផ្ទុះអាវុធបណ្តាលឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនានោះនឹងអាចជាប់ពន្ធនាគារពីចន្លោះ១ឆ្នាំទៅ៣ឆ្នាំ តែប៉ុណ្ណោះ ។
សូមជម្រាបថា រយៈពេល២ថ្ងៃគឺថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានប្រើប្រាស់រថយន្តទំនើប១គ្រឿងដឹកមន្ត្រីយោធាម្នាក់ដែលជាជនដៃដល់ជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់ជនសង្ស័យ គ្រាន់តែឮសម្រែកថាចោរៗ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ ។ នៅពេលសមត្ថកិច្ចដឹកមន្ត្រីយោធានោះទៅដល់សាលាដំបូង គ្រាន់តែទ្វាររថយន្តបង្ហើបភ្លាម គេបានសង្កេតឃើញជនសង្ស័យស្ទុះរត់ចូលទៅក្នុងបរិវេណសាលាដំបូង និងពេលចេញមកវិញស្ទុះរត់ចូលរថយន្តដែលធ្វើឱ្យសមត្ថកិច្ចរត់តាមការពារប្រសេកប្រសាច ទំនងគាត់ខ្លាចកាមេរ៉ាអ្នកកាសែត ។ សំណុំរឿងមនុស្សឃាតដោយអចេតនាមួយនេះត្រូវបានស្ថិតនៅលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ និងសួររហូតដល់ល្ងាចថ្ងៃទី៤ ខែវិច្ឆិកាមិនទាន់ចប់ ទើបតំណាងអយ្យការផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ តម្រូវឱ្យនាំមកសួរបន្តនៅព្រឹកថ្ងៃបន្ទាប់ ។ ក្រោយពីសាកសួរចប់សព្វគ្រប់ហើយ តំណាងអយ្យការបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមជម្រាបទៀតថា ជនដៃដល់ដែលជិះរថយន្តម៉ាកឡិចស៊ីស៥៧០ បាញ់សម្លាប់បុរសម្នាក់នៅសង្កាត់ភ្នំពេញថ្មីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈពេលជនរូបនោះ បានចូលខ្លួនសារភាពនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ សៅ សុខុន ហៅប្រុសធំ អាយុជាង៤០ឆ្នាំ ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ និងជាជំនួយការឧកញ៉ាម្នាក់ ជិះរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7799 ប្រដាប់ទៅដោយកាំភ្លើងខ្លី ម៉ាកឡុក ។
គួរបញ្ជាក់ថា ជនដៃដល់រូបនោះបានបាញ់សម្លាប់បុរសម្នាក់ កាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀលថ្ងៃទី០២ ខែវិឆ្ឆិកា ឆ្នាំ ២០២២ នៅចំណុចផ្លូវលេខ១០១១ កែងផ្លូវSOS ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចដេញចាប់មុខសញ្ញាហើយស្រែកថាចោរៗ ។
ជនរងគ្រោះ មានឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវ២គ្រាប់ចំខ្នងធ្លាយមកទ្រូងដួលស្លាប់នៅលើចិញ្ចើមផ្លូវ ជិះម៉ូតូ ម៉ាកស្គូពី ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JG-4729 ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងតាមផ្លូវលេខ១០១១ ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈនោះ មានម៉ូតូរបស់សមត្ថកិច្ច ដែលគេស្គាល់ថា ជានគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
(ពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវ) បានជិះប្រដេញតាមពីក្រោយនិងស្រែកចោរៗ ។
សាក្សីបន្តថា លុះនៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស ៥៧០ ពណ៌ខ្មៅ មួយគ្រឿងរបស់ជនដៃដល់បានជិះមកស្ទាក់មុខ ហើយឈប់ចុះពីលើរថយន្ត ដកកាំភ្លើងខ្លី១ដើមបាញ់១គ្រាប់ទៅលើបុរសនោះបណ្តាលអោយត្រូវ១គ្រាប់ចំខ្នង ធ្លាយទៅទ្រុងដួលស្លាប់នៅចម្ងាយ ប្រមាណជាង១០០ម៉ែត្រពីកន្លែងបាញ់ ។ បន្ទាប់ពីផ្ទុះអាវុធជនមិនស្គាល់រូបនោះ បានគេចខ្លួនបាត់ស្រមោល បន្សល់ទុក ជនរងគ្រោះដួលស្លាប់ ។
លុះក្រោយមក នៅវេលារសៀលដដែល ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ សហការជាមួយនឹងកម្លាំងមូលដ្ឋានខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានចុះទៅឡោមព័ទ្ធ និងឆែកឆេរភូមិគ្រឹះ លេខ១៦ ផ្លូវលេខ៥៥២ សង្កាត់បឹងកក់ទី១ ផងដែរ ស្រាប់តែពេលនោះ ជនសង្ស័យក៏បានចូលទៅសារភាពនៅស្នាក់ការប៉ុស្តិ៍បឹងកក់ទី១តែម្តង ។ ជនដៃដល់ ត្រូវបាននគរបាលបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕ ដោយ រ៉ារ៉ា