សារព័ត៌មាន Defense Express បានផ្សាយថា តាមរបាយការណ៍របស់កម្លាំងចារកិច្ចអ៊ុយក្រែនបង្ហាញឱ្យឃើញថា អុីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកវាយលុកជាច្រើនគ្រឿងទៅកាន់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។
តាមរបាយការណ៍បង្ហាញឱ្យឃើញថា ក្រុមហ៊ុនអុីរ៉ង់ផលិតបានយន្តហោះគ្មានមនុស្សបើក ដល់ទៅ១៥០គ្រឿងក្នុងមួយខែ មានគ្រប់ប្រភេទ ។ ប៉ុន្តែទីក្រុងមូស្គូផ្តោតសំខាន់ទៅលើយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed-131, Shahed-136 និង Mohajer-6 ។ ជាមួយគ្នានេះដែរអ៊ុយក្រែនក៏បានចោទថា រុស្ស៊ីបានបញ្ជាទិញយន្តហោះគ្មានមនុស្សបើកវាយលុក Arash-1 និង Arash-2។
តាមលទ្ធផលនៃការស្រាវជ្រាវ ល្បឿននៃការផលិតយន្តហោះគ្មានមនុស្សបើកអាស្រ័យទៅលើការផ្គត់ផ្គង់សម្ភារមកពីប្រទេសស៊ីរី និង តាជីគីស្ថាន ។ ក្រៅពីនេះ ប្រទេស បេឡារុសក៏បានចូលរួមនៅក្នុងដំណើរការផលិតយន្តហោះគ្មានមនុស្សបើកផងដែរ។
អំពីការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក អុីរ៉ង់និងរុស្ស៊ីបានប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រ ។ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣បានដឹកយន្តហោះគ្មានមនុស្សបើកពីអុីរ៉ង់ទៅកាន់រុស្ស៊ី រួមមានក្រុមហ៊ុនអាកាសចរណ៍ Iran Air, Pouya Airនិង Saha Airlines៕ ដោយធីរីណា
រូបថត: Pravda