ប្រទេសថៃ ៖ លោក សុខ បានផល ជានាយទាហាន ថ្នាក់វរសេនីយឯក នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជិះរថយន្តទំនើបម៉ាកស្សីប ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PICH.NIK ដែលបានបើករថយន្ត ទម្លាយឆ្លងកាត់ច្រកព្រំដែនអចិន្ត្រៃយ៍ ត្រង់ចំណុច Ban Khao Din ស្រុកខ្លងហាត ខេត្តស្រះកែវ តាំងពីល្ងាចម្សិលមិញ ( ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ) ត្រូវបានសមត្ថកិច្ចប្រទេសថៃ ប្ដឹងចំនួន៤បទល្មើស ។ នេះបើយោងតាម(By BBN ) បានសរសេរ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ពីហេតុការណ៍នេះ ដកស្រង់ពីរបាយការណ៍សមត្ថកិច្ចថៃ។
បើយោងតាមការផ្សាយព័ត៌មានថៃ បានបង្ហាញថា ជាបឋមការចោទប្រកាន់ រួមមានបទល្មើស :
-ទី១ ជនបរទេសរត់គេចខ្លួន ចូលទឹកដីថៃដោយខុសច្បាប់ ,
-ទី២ នាំយានយន្ត ឬទំនិញចូលប្រទេសថៃ ដោយមិនឆ្លងនីតិវិធីគយថៃ ,
-ទី៣ រារាំងឬតតាំង នឹងប្រតិបត្តិការរបស់សមត្ថកិច្ច ,
-និងទី៤ កាន់អាវុធនៅទីសាធារណៈ ដោយគ្មានច្បាប់អនុញ្ញាត ។
ប្រភព(By BBN ) ដដែលបានបន្តថា, លោកវរសេនីយ៍ឯក ចាទូរ៉ាផាថាន ស៊ីងហាតិត ស្នងការនគរបាលខេត្តស្រះកែវ បានឱ្យដឹងថា ជនល្មើសនឹងមិនត្រូវបានធ្វើបត្យាប័នទេ ព្រោះនឹងត្រូវកាត់ទោសនៅប្រទេសថៃជាមុនសិន ។ ដំបូងឡើយ មូលហេតុបង្កឱ្យមានភាពតានតឹងបែបនេះ គឺបណ្តាលមកពីបញ្ហាគ្រួសារ ទើបបណ្តាលឲ្យមានជម្ងឺ បើកបរពីភាគីកម្ពុជា ឆ្លងកាត់ច្រកព្រំដែនបែបនេះ ។ ចំពោះមូលហេតុផ្សេងទៀត លោកនៅមិនទាន់ដឹងទេ ព្រោះកំពុងស៊ើបអង្កេត ។ ជនល្មើសក៏ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យជាមុនសិនដែរ ដើម្បីពិនិត្យនិងព្យាបាលស្ថានភាពសុខភាព ។
សូមជម្រាបថា កើតហេតុកាលពីយប់ម៉ោង៨ លុះព្រឹកឡើងថ្ងៃទី៦ ខែវិច្ឆិកា លោក សុខ បានផល បានព្យាយាមបើករថយន្តបន្តទៅទៀត បង្កឱ្យតម្រួតថៃសម្រេចចិត្ត បាញ់បំបែកកង់រថយន្ត ផ្នែកខាងក្រោយទាំងសងខាង និងរថយន្តបិទមុខក្រោយ ព័ទ្ធរថយន្តទៅណាលេងរួច ។ ទោះជាមានហេតុការណ៍បែបនេះ តម្រួតថៃនិងសមត្ថកិច្ចកម្ពុជា នៅតែព្យាយាមឱ្យ លោក សុខ បានផល ចេញពីរថយន្តតាមសម្រួល និងប្រគល់ខ្លួនឱ្យសមត្ថកិច្ចសួរនាំតាមនីវិធី ។
ក្រោយពីបើករថយន្តទៅណាលែងរួចលោក សុខ បានផល បានចាកចេញពីរថយន្ត ជាមួយនឹងកាំភ្លើងខ្លីមួយដើម ឈររេរាពេញទីនោះ ដោយមិនខ្លាចសមត្ថកិច្ចសោះឡើយ ។ សមត្ថកិច្ចកម្ពុជា បានព្យាយាមសំណូមពរ លោក សុខបានផល ទម្លាក់កាំភ្លើងចោលដើម្បីឱ្យតម្រួតថៃឃាត់ខ្លួន សួរនាំតាមសម្រួល ។
កម្លាំងយោធាកម្ពុជា និងនគរបាលអន្តោប្រវេសន៍ បានព្យាយាម ប្រកាសអោយ លោកស័ក្តិ៥ ទម្លាក់អាវុធ ប្រគល់ខ្លួនអោយសមត្ថកិច្ចថៃ ឃាត់ខ្លួន តែគាត់នៅតែកាន់កាំភ្លើង ទើបសមត្ថកិច្ចថៃ ប្រើប្រាស់គ្រប់មធ្យោបាយ សម្រួលដើម្បីឃាត់ខ្លួន ជៀសវាងផ្ទុះអាវុធ ហើយឃាត់ខ្លួនបានតាមនីតិវិធី ៕
ដោយ : សហការី