ភ្នំពេញ ៖ នៅព្រឹក ថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៩ នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដ
ម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អបអរសាទរ ខួបអនុស្សាវរីយ៍ទី ៦៩ ថ្ងៃឯករាជ្យជាតិ
ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ទើបកម្ពុជាអាចមានថ្ងៃនេះ ជារដ្ឋឯករាជ្យ អធិបតេយ្យ ដែលមានសិទ្ធិស្វ័យសម្រេច និងធ្វើជាម្ចាស់ជោគវាសនាផ្ទាល់របស់ខ្លួន។ ព្រះរាជគម្រូវីរភាពដ៏អង់អាចក្លាហាននឹងស្ថិតនៅក្នុងការចងចាំរបស់ប្រជានុរាស្ត្រជានិច្ចនិរន្តន៍។
កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនបែបច្រើនសណ្ឋាននាដំណាក់កាលចុងក្រោយរបស់ខ្លួន។ យ៉ាងណាម៉ិញ ទើបតែជាង ២ ទសវត្សរ៍ចុងក្រោយប៉ុណ្ណោះ ដែលកម្ពុជាបានអបអរសាទរឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសំបូរសប្បាយ ក្នុងសន្តិភាព និងឯកភាពជាតិ ទឹកដី។ គុណបំណាច់ដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ គឺជាការរួមចំណែកមិនអាចប្រកែកបាននៃ «នយោបាយ ឈ្នះ-ឈ្នះ» ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ជិត៤ទសវត្សរ៍ជាស្ថាពរ ៕
ដោយ : សិលា