ភំ្នពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យ២នាក់ ប្រើអាវុធគ្មានការអនុញ្ញាត កាន់កាប់អាវុធខុសច្បាប់ និងគំរាមសម្លាប់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញនេះ ត្រង់ចំណុចផ្ទះលេខB៣៧ (បុរីជឿន សារិន) ផ្លូវបេតុង ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ សាត សុភាព ហៅ ភាព ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ទីលំនៅផ្ទះលេខB១៤ ផ្លូវលំ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ ប៉ាត់ រតនៈ ហៅ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខB៣៧ ផ្លូវបេតុង បុរីជឿន សារិន ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស សាបាន ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខD៩ ផ្លូវលេខ៣ បុរីជឿន សារិន ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ៖ អាវុធខ្លីម៉ាកK59 គ្មានលេខចំនួន០១ដើម (មានបង់ចំនួន០១ និងគ្រាប់ចំនួន០៥គ្រាប់) , អាវុធខ្លីម៉ាកK59 លេខ3457 ចំនួន០១ដើម (មានបង់ចំនួន០១ និងគ្រាប់ចំនួន០៦គ្រាប់) ,សំបកកាទុស(អាវុធខ្លី) ចំនួន០១, កូនកាំបិតសាំងគីមចំនួន០១ដើម, មួកអង្គរក្ស (BHQ) ចំនួន០១, មួកប៉ារ៉ាចំនួន០១, មួកសុវត្ថិភាពពណ៌ត្រេអ៊ីចំនួន០១, ម៉ូតូម៉ាក PCX ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 1HI-3586មានលេខតួ និងលេខម៉ាស៊ីន 0000919ចំនួន០១គ្រឿង, កាបូបដៃពណ៌ខ្មៅចំនួន០១, ប័ណ្ណ ព័ត៌មាន (DPP-NEWS) ឈ្មោះ សាត ភាព ចំនួន០១, ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព អាវុធម៉ាក COLT លេខSN28168E (ថតចម្លង) ចំនួន០១សន្លឹក, កាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ឈ្មោះ សាត ភាព ចំនួន០១សន្លឹក, ប័ណ្ណសម្គាល់យានយន្តរថយន្តម៉ាកLexus RX350 ពាក់ផ្លកលេខភ្នំពេញ2BC-6172 (ថតចម្លង) ចំនួន០១សន្លឹក។
ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានកាន់កាប់អាវុធខុសច្បាប់, ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត, ប្រើប្រាស់ឯកសារក្លែងប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យនិងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចខណ្ឌដង្កោបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ដោយ៖សហការី