ខេត្តរតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថារយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក(៧.៨.៩ខែវិច្ឆិកាឆ្នាំ២០២២)ភ្ញៀវទេសចរជាច្រើនបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគីរី គឺចំនួនភ្ញៀវកើនទ្បើងគួរឱ្យកត់សម្គាល់ ។
រយៈពេល៣ថ្ងៃនេះមានភ្ញៀវសរុបចំនួន១៩,១២៨នាក់ក្មុងនោះភ្ញៀវទេសចរជាតិមានចំនួន១៩,០៧៥នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន៥៣នាក់។
លោកប្រធានមន្ទីរដដែលបញ្ជាក់ថា ចំនួននេះមានការកើនឡើង៦.៣៩%ក្នុងនោះភ្ញៀវជាតិកើនឡើង៦.៣៧% ភ្ញៀវអន្តរជាតិកើនឡើង១២.៧៧%។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ភ្ញៀងជាតិមានត្រឹមតែចំនួន១៧,៩៧៩នាក់ប៉ុណ្ណោះ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវមោទនភាពនៃការកើនឡើងភ្ញៀវទេសចរឆ្នាំនេះ ។
លោកថា ការកើនឡើងនេះគឺកើតចេញពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្ត ។
ជាក់ស្តែងដើម្បីទទួលភ្ញៀវទេសចរជាតិ – អន្តរជាតិ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃនេះ ( ថ្ងៃទី ៧.៨.៩ ខែវិច្ឆិកា ឆ្នាំ ២០២២) លោកអភិបាលខេត្តបានធ្វើការណែនាំឱ្យមន្ត្រីរាជការសម្អាតតាមមន្ទីរអង្គភាពសម្អាត តាមទីសាធារណៈនិងតាមតំបន់រមណីយដ្ឋាននានាផងដែរ។
ដោយឡែកសោភណភាពលម្អតាមដងផ្លូវក្នុងក្រុងបានលុងបានរំលេចទៅដោយភ្លើងពណ៌ចម្រុះគ្រប់ទីកន្លែង មើលទៅគួរឱ្យចង់គយគន់ និងគួរឱ្យទាក់ទាញបំផុត ។
ទន្ទឹមនោះលោកក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុក ទាំង៩ត្រូវបង្កលក្ខណៈដល់ប្រជាពលរដ្ឋក្នុងអំឡុងពេល អុំទូក អកអំបុកតាមមូលដ្ឋានរៀងៗខ្លួននោះផងដែរ៕
ដោយ ជីវ័ន្ត