សហជីពកំពុងធ្វើយុទ្ធនាការដើម្បីជួយដល់គិលានុបដ្ឋាយិកា ទទួលបានប្រាក់ខែកើនឡើងលើសពីអតិផរណា ៥% ។ ប្រាក់ខែពិតប្រាកដរបស់ក្រុមគិលានុបដ្ឋាយិកាបានធ្លាក់ចុះ 20% ចាប់តាំងពីឆ្នាំ២០១០មក ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ គិលានុបដ្ឋាយិកាអង់គ្លេសកំពុងរៀបចំធ្វើកូដកម្មនៅរដូវរងានេះ។ អង្គការ Royal College of Nursing (RCN ដែលមានសមាជិកជាង435,000 នាក់បានបោះឆ្នោតដើម្បីរៀបចំធ្វើកូដកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលរំពឹងថានឹងមានសមាជិកជាង ៣០០,០០០ នាក់ចូលរួម។
នៅក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា RCN នឹងចូលរួមក្នុងការធ្វើកូដកម្មនៅមុនថ្ងៃបុណ្យណូអែលខាងមុខ ។ អគ្គលេខាធិការ RCN លោក Pat Cullen បាននិយាយថា “សកម្មភាពកូដកម្មរបស់យើងគឺសម្រាប់គិលានុបដ្ឋាយិកា។ យើងមានការគាំទ្ររបស់ពួកគេក្នុងការធ្វើរឿងនេះ”។
សហជីពគិលានុបដ្ឋាយិកាRCN បានប្រកាសថា ក្រុមគិលានុបដ្ឋាកភាគច្រើន នៃស្ថាប័នសេវាកម្មសុខាភិបាល NHS នៅទូទាំងប្រទេសបានបោះឆ្នោតគាំទ្រសម្រាប់សកម្មភាពធ្វើកូដកម្មនេះ។ ការធ្វើកូដកម្មនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំ២០២២ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សហជីព RCN ដែលមានអាយុកាល១០៦ឆ្នាំមកហើយ។
សកម្មភាពកូដកម្មខាងលើ ត្រូវគេរំពឹងថា នឹងប៉ះពាល់ដល់អ្នកជំងឺជាច្រើនដែលកំពុងទទួលការថែទាំពីពួកគេ។ ប្រាក់បៀវត្សរ៍របស់គិលានុបដ្ឋាយិកាបានធ្លាក់ចុះដល់ទៅ២០ភាគរយ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យពួកគេពិបាកក្នុងការផ្គត់ផ្គង់គ្រួសារ ក៏ដូចជាទប់ទល់នឹងថ្លៃចំណាយផ្សេងៗបាន។ សហជីពកំពុងស្នើសុំ ដំឡើងប្រាក់ឈ្នួល៥ភាគរយលើសពីអត្រាអតិផរណា។
នៅឆ្នាំ២០២២នេះ ចក្រភពអង់គ្លេសបានមើលឃើញភាពចលាចលនៅតាមវិស័យឧស្សាហកម្មរបស់ខ្លួនជាច្រើន រាប់ចាប់តាំងពីវិស័យដឹកជញ្ជូន រហូតដល់វិស័យផ្នែកច្បាប់ ខណៈដែលប្រាក់ចំណូលរបស់ប្រជាជន មិនអាចទប់ទល់ជាមួយអតិផរណា ដែលឡើងដល់១០ភាគរយ បូករួមនឹងការកើនឡើងនូវតម្លៃថាមពលទៀតផង៕ ដោយធីរីណា
រូបថត : AP