ភ្នំពេញ : គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ” – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១។
សូមបញ្ជាក់ថា ៖ ថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ មានការរៀបចំកម្មវិធីដាក់បង្ហាញជាផ្លូវការនូវគម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ” – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី។
កម្មវិធីនេះក៏មានវត្តមានចូលរួមផងដែរពីសំណាក់ លោកបណ្ឌិត Robert Yap អគ្គនាយកប្រតិបត្តិក្រុមហ៊ុន YCH Group អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ក៏ដូចជាថ្នាក់ដឹកនាំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ (The 40th & 41st ASEAN Summit and Related Summits) ដែលព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ជាម្ចាស់ផ្ទះរៀបចំកម្មវិធី។
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ត្រូវបានសិក្សាដោយក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងការផ្គត់ផ្គង់សេវាកម្មជាចង្កោមដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី ហើយវានឹងបង្ហាញពីការអនុវត្តវិស័យភស្តុភារកម្ម ដែលប្រកបដោយនិរន្តរភាពល្អបំផុតនៅក្នុងតំបន់អាស៊ាន។ ការដាក់បង្ហាញគម្រោងលម្អិតនៅថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមហ៊ុន YCH Group កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ។
ថ្លែងក្នុងពិធីនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ត្រូវបានចាត់ជាអាទិភាពទៅក្នុងផែនការមេថ្នាក់ជាតិលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២២-២០៣០ ហើយការដាក់បង្ហាញគម្រោង PPLC ជាផ្លូវការនាឱកាសនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចវិជ្ជមានជាច្រើនរួមមាន៖ ១)ចំណងមិត្តភាព និងទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា និងសិង្ហបុរី ២)ការបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការគាំទ្រការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ៣)ការជំរុញលើកចិត្តការវិនិយោគរវាងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក និង ៤) ការពង្រឹងការតភ្ជាប់លើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) អាស៊ាន និងពិភពលោកផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់បន្ថែមលើប្រសាសន៍របស់ លោកអគ្គបណ្ឌិតសភាចារ្យ ថា៖ដោយសារប្រទេសកម្ពុជាមានទីតាំងជាយុទ្ធសាស្ត្រ និងមានមុខងារជាមជ្ឈមណ្ឌលស្រូបទាញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ យើងរំពឹងថាគម្រោង PPLC នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់បម្រើសេវាកម្មដឹកជញ្ជូន ការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិជូនដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ជាង១៦លាននាក់នៅក្នុងប្រទេសកម្ពុជា និងជាង៦៨០លាននាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៏។
ជាមួយគ្នានេះដែរ លោកបណ្ឌិត Vivian Balakrishnan បានលើកឡើងថា៖ ប្រទេសសិង្ហបុរីកំពុងមានឆន្ទៈយ៉ាងមុតមាំសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជាលើគម្រោងនានាក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម នាពេលអនាគត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដែលមានរយៈពេល៥៧ឆ្នាំហើយនៅក្នុងឆ្នាំ២០២២នេះ។ ទំនាក់ទំនងទ្វេភាគីរវាងសិង្ហបុរី និងកម្ពុជា ក៏ដូចជារវាងប្រទេសនានាក្នុងតំបន់អាស៊ាន វាជាលក្ខណៈមួយដែលពាក់ព័ន្ធក្នុងការជំរុញភាពប្រកួតប្រជែងរបស់រដ្ឋសមាជិកនីមួយៗ និងសេដ្ឋកិច្ចជាសមូហភាព។
សូមជម្រាបជូនដែរថា៖ YCH Group គឺជាក្រុមហ៊ុនឈានមុខគេរបស់សិង្ហបុរី ផ្តល់នូវដំណោះស្រាយខ្សែសង្វាក់ការផ្គត់ផ្គង់ជាចង្កោមតាំងពី ការចាប់ផ្តើមដល់ចុងបញ្ចប់។ ក្រុមហ៊ុននេះក៏ជាដៃគូនឹងក្រុមហ៊ុនធំៗ និងម៉ាកល្បីៗរបស់ពិភពលោក នៅជុំវិញជាង១០០ទីក្រុង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន YCH Group ត្រូវបានទទួលស្គាល់សម្រាប់វិធីសាស្រ្ត 7PL™ របស់ខ្លួន ក្នុងការរួមបញ្ចូលនូវយុទ្ធសាស្រ្តខ្សែសង្វាក់ការផ្គត់ផ្គង់ជាមួយនឹងការប្រតិបត្តិយ៉ាងរលូនជូនដល់អតិថិជន និងក្រុមហ៊ុនដៃគូ៕
ដោយ : សិលា