ខេត្តកណ្ដាល: កុមារាអាយុ៦ឆ្នាំម្នាក់ ខណៈតាមបងស្រីទៅដាក់បង្កៃ ដោយសារមេឃក្តៅខ្លាំង ក៏ត្រឡប់មកផ្ទះវិញតែម្នាក់ឯង តែជាអកុសល ក៏ត្រូវបានលង់ទឹកប្រលាយស្លាប់យ៉ាងអណោចអធ័ម បង្កការភ្ញាក់ផ្អើលឡើង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨និង៤៥នាទី
ចំណុចប្រឡាយដីឈ្មោះ ហេង ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គុណ អាណាវ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ ក្នុងបន្ទុក មានទីលំនៅសព្វថ្ងៃភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ២០២២វេលាម៉ោង១២និង២០នាទី កុមារារងគ្រោះបានដើរតាមបងស្រីបង្កើតឈ្មោះ គុណ ដាណេ និងអ្នកជិតខាងម្នាក់ទៀត ឈ្មោះ ម៉ាន់ ឌីម៉ា ទៅដាក់បង្កៃយកត្រី នៅក្រោយផ្ទះចំងាយប្រហែល៤ -០០ម៉ែត្រ ដោយកុមារារងគ្រោះស្លៀកខោជើងវែង អត់ពាក់អាវ។ ពេលទៅដល់ជនរងគ្រោះបានដើរតាមក្រោយបងស្រីដោតបង្កៃ រហូតដល់ម៉ោង១៣.៣០នាទី ជនរងគ្រោះបានសូមបងស្រីមកផ្ទះមុន ដោយប្រាប់ថា÷(មេឃក្តៅខ្លាំងណាស់) ហើយបងស្រីជនរងគ្រោះបានអោយអាវដៃវែងរបស់ខ្លួនមកជនរងគ្រោះពាក់ រួចជនរងគ្រោះក៏ដើរមកផ្ទះមុន។ ចំណែកបងស្រីជនរងគ្រោះ និងឈ្មោះម៉ាន់ ឌីម៉ា បាននៅមើលបង្កៃ រហូតដល់ម៉ោងប្រហែល១៧និង០០នាទី ទើបអ្នកទាំងពីរនាំគ្នាមកផ្ទះ។ ពេលមកដល់ផ្ទះម្តាយជនរងគ្រោះអត់ឃើញជនរងគ្រោះបានសួរបងស្រីជនរងគ្រោះថា÷ (ណាប្អូន) ហើយបងស្រីជនរងគ្រោះឆ្លើយថា÷ (វាមកផ្ទះមុនខ្ញុំ យូហើយ) ភ្លាមនោះម្ដាយជនរងគ្រោះក៏បានឆោឡោ នាំគ្នាដើររកជនរងគ្រោះជាមួយបងប្អូននិងអ្នកជិតខាង រហូតដល់វេលាម៉ោង១៩.០០នាទី ឈ្មោះ រត្ន័ ឈ្មោះចិត្ត ឈ្មោះឆេង បានរកសពជនរងគ្រោះឃើញក្នុងទឹកខ្ពបចំណុចកើតហេតុ រួចក៏នាំគ្នាលើកសពជនរងគ្រោះយកមកផ្ទះ។ លុះនៅថ្ងៃទី១៤.១១.២០២២
វេលាម៉ោង០៧និង២០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាសក៏បានទទួលព័ត៌មានខាងលើ បន្ទាប់មកកម្លាំងផ្នែកពិនិត្យវិភាគ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស អាជ្ញាធរភូមិឃុំ និងគ្រូពេទ្យ ចុះមកពិនិត្យសាកសពជនរងគ្រោះឃើញថា÷ សពកុមារាជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួកត់សំគាល់ឡើយ មានតែវត្ថុរាវ ឈាមទឹក ហូរចេញតាមមាត់ ច្រមុះ នៅពេលជំនាញនិងគ្រូពេទ្យ ក្រឡាប់សពពិនិត្យ ។
ការសន្និដ្ឋាន សពកុមារា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
ចំពោះសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ស្អាងជ័យ