ខេត្តកំពង់ឆ្នាំង÷ ផ្ទះចំនួន ៣ខ្នងត្រូវបានភ្លើងឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមាន ឈ្មោះ ប៊ុន ណារិទ្ធ ហៅហុង អាយុ៥០ឆ្នាំ។ ចំណែកម្ចាស់ផ្ទះទី ២ឈ្មោះ សាង ដោ យឡែក ម្ចាស់ផ្ទះទី៣ ពុំទាន់ដឹងឈ្មោះនៅឡើយទេ។
ផ្ទះទាំងនោះគឺជាផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកឡើងមកនៅលើគោក សង់ជាប់ៗគ្នាមានទំហំ ១៣ម៉ែត្រគុណនឹង ២០ម៉ែត្រ ស្មើៗគ្នា ប៉ុន្តែផ្ទះទាំងនោះជាផ្ទះលិចទឹកនៅរដូវវស្សា។ ក្នុងចំណោមផ្ទះទាំង៣ខ្នង មានផ្ទះ ២ខ្នងត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង និងផ្ទះ១ខ្នងទៀត ឆេះអស់ ៥០%។
សមត្ថកិច្ចពន្លត់អគ្គីភ័យមិនអាចទៅអន្តរាគមន៍បាញ់ពន្លត់បានទេដោយ សារតែផ្ទះទាំងនោះ ជាផ្ទះលិចទឹក មិនអាចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យទៅដល់ឡើយ។
នៅពេលកើតហេតុ ប្រជាពលរដ្ឋ នៅជិតខាងបាននាំគ្នាយកម៉ាស៊ីនបូមទឹកប្រមាណ២០គ្រឿងទៅជួយអន្តរាយបាញ់ពន្លត់ មិនឲ្យឆ្លងទៅផ្ទះផ្សេងៗទៀត។
ប្រភពដដែលបានបន្តថា ចំពោះមូលហេតុគឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះខាងលើជាអ្នកលក់ហ្គាស សាំងនិងគ្រឿងទេសគ្រប់មុខផងដែរ៕ ដោយ៖ សូរិយា