កាលពីមុនអូស្ត្រាលីបានដើរតាមអាមេរិកដាក់ទណ្ឌកម្មចិនពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ដោយអូស្ត្រាលីចោទប្រកាន់ចិននិងមានបញ្ហាជាច្រើនផ្សេងទៀត ។ ប៉ុន្តែក្រោយអូស្ត្រាលីចូលរួមដាក់ទណ្ឌកម្មចិន ទីក្រុងប៉េកាំងក៏បានវាយបកវិញដោយដាក់ទណ្ឌកម្មទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចអូស្ត្រាលី ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយថា លោកមានការពិភាក្សាជាវិជ្ជមានជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជុំវិញការហាមឃាត់ផ្នែកពាណិជ្ជកម្មដែលធ្វើឡើងដោយទីក្រុងប៉េកាំង។
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយលោក ស៉ី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅឯកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី លោក អាល់បានីស បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីជំហររបស់ប្រទេសអូស្ត្រាលី នៅពេលនិយាយអំពីការរាំងស្ទះនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើង។ វាគឺជាការពិភាក្សាដ៏វិជ្ជមាន ដោយយើងបានដាក់ចេញនូវគោលជំហររបស់យើងដែលមិនដូចនឹងសេចក្តីប្រកាសកាលពីមុននោះទេ»។
ជំនួបប្រជុំរវាងមេដឹកនាំចិននឹងអូស្រ្តាលីក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នេះគឺជាជំនួបលើកដំបូងបំផុត ក្រោយការធ្លាក់ដុនដាបនៃទំនាក់ទំនងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕ ដោយធីរីណា
រូបថត :REUTERS
រូបថត : AFP