ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅមន្ទីរបរិសា្ថនខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រគល់ម៉ូតូចំនួន២១គ្រឿងជូនដល់មន្ត្រីឧទ្យានុរក្សដែន ជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលពិធីនេះរៀបចំឡើងនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានព្រមទាំងថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្រ្តីឧទ្យានុរក្សផងដែរ។
នៅក្នុងឱកាសនោះលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិ ការប្រចាំការក្រសួងបរិស្ថានបានផ្ដាំផ្ញើដល់មន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីត្រូវថែរក្សាម៉ូតូដែលប្រគល់ជូននៅពេលនេះដើម្បីសម្រាប់ប្រតិបត្តិការក្នុងផលប្រយោជន៍ការពារធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ លោករដ្ឋលេខាធិការក៏បានណែនាំឲ្យខិតខំការពារនិងបំពេញ ភារកិច្ចឲ្យបានល្អប្រសើរនៅក្នុងដែនជម្រក សត្វព្រៃកែវសីមានេះ។
គួរបញ្ជាក់ថា ម៉ូតូចំនួន២១គ្រឿងដែលផ្តល់ដល់មន្រ្តីឧទ្យានុរក្សពេលនេះ គឺជាជំនួយរបស់គម្រោងរ៉េដបូកកែវសីមា ភូមិសាស្រ្តខេត្តមណ្ឌលគិរី ។ តាមរយៈការផ្តល់ម៉ូតូចំនួន២១គ្រឿងនេះ គឺដើម្បីជួយសម្រួលទុក្ខលំបាក ក៏ដូចជាមធ្យោបាយ ក្នុងការអនុវត្តការងារ នៅ ក្នុងការថែរក្សាអភិរក្សធនធម្មជាតិ ក៏ដូចលើកទឹកចិត្តចំពោះការខិតខំអនុវត្តការងារ និងជំរុញការចូលរួមបន្ថែមដល់មន្រ្តីទាំងអស់គ្នា ក្នុងការការពារលើបរិស្ថាន ធ្វើយ៉ាងណាឱ្យការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ សូរិយា