ក្លិបបិសាចក្រហម Manchester United កំពុងរង់ចាំព័ត៌មានលម្អិតពេញលេញនៃការសម្ភាសន៍របស់ Cristiano Ronaldo មុនពេលប្រតិកម្ម ប៉ុន្តែការបញ្ចប់កិច្ចសន្យារបស់កីឡាករវ័យ៣៧ឆ្នាំរូបនេះគឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលពួកគេកំពុងស្វែងរក។
នៅក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan ខ្សែប្រយុទ្ធ Ronaldo បានវាយប្រហារយ៉ាងខ្លាំងទៅលើក្លិបបិសាចក្រហមសម្រាប់ការ “ក្បត់” គាត់។ គាត់បានមើលងាយលោក Erik ten Hag ដោយនិយាយថា គាត់មិនមានការគោរពចំពោះអ្នកគ្រប់គ្រងថ្មីទេ។
សារព័ត៌មាន Manutdnews និង The Telegraph បានរាយការណ៍ថា ក្លិប Man United កំពុងពិចារណាលើការលុបកិច្ចសន្យារបស់កីឡាករជើងចាស់នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ទោះជាយ៉ាងណាក៏ដោយ ជំហាននេះនឹងត្រូវអនុវត្តបានលុះត្រាតែRonaldo មិនទាមទារឱ្យទទួលបានប្រាក់ឈ្នួលរយៈពេល៦ខែចុងក្រោយនៃកិច្ចព្រមព្រៀងដែលរកបានច្រើនរបស់គាត់។
ក្លិបយក្សនៅ Premier League នៅតែមិនទាន់ដឹងពីទំហំពេញលេញនៃការវាយប្រហារដែលបញ្ចេញមកលើពួកគេដោយតារាម្នាក់រូបនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រឡេកទៅមើលការដកស្រង់នៃបទសម្ភាសន៍នេះវាច្បាស់ណាស់ថា គ្មានទំនាក់ទំនងរវាងRonaldo និងលោក Ten Hag ទៀតទេ។ ប្រសិនបើកីឡាកររូបនេះនិយាយជាសាធារណៈថា គាត់មិនគោរពអ្នកគ្រប់គ្រងបច្ចុប្បន្នរបស់គាត់ គាត់ត្រូវតែចាកចេញ មិនមានវិធីផ្សេងទៀតចេញទេ។
លោក Ten Hag មានការគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំក្លិបបិសាចក្រហមរហូតដល់ចំណុចនេះ។ ក្លិបនឹងគាំទ្រអ្នកគ្រប់គ្រងប្រសិនបើវាជាការទាស់គ្នារវាងអ្នកគ្រប់គ្រង និងកីឡាករ។ ជាមួយនឹងការប្រកួតបាល់ទាត់របស់ក្លិបត្រូវផ្អាកដោយសារការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខ ក្លិបបិសាចក្រហមមានពេលវេលាដើម្បីសម្រេចថា តើត្រូវប្រតិកម្មបែបណា?
បច្ចុប្បន្ននេះ Ronaldo រកបានប្រហែល៥៦០,០០០ផោនក្នុងមួយសប្តាហ៍ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករថ្លៃបំផុតនៅក្នុងលីកអង់គ្លេស។ ការ បង់ ប្រាក់ ខែ ដែល នៅ សល់ ពេល បញ្ចប់ កុងត្រា នឹង ជា ការ ចំណាយ ដ៏ សន្ធឹក សន្ធាប់ សម្រាប់ United។ពួកគេនឹងចង់ជៀសវាងរឿងនោះ ហើយជារឿងត្រឹមត្រូវណាស់។
ម្ចាស់ ពាន Ballon D’Or ៥ សម័យ បច្ចុប្បន្ន កំពុង បំពេញ កាតព្វកិច្ច អន្តរជាតិ នៅ World Cup។ ភ្នាក់ងាររបស់គាត់លោកJorge Mendes នឹងខិតខំស្វែងរកឲ្យគាត់លេងជាមួយក្លិបមានកៅអីនៅ Champions League នៅខែមករា។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថា តើក្លិបធំៗនៅអឺរ៉ុបណាមួយនឹងសុខចិត្តយក Ronaldo នៅពាក់កណ្តាលរដូវកាលជាមួយនឹងការទាមទារប្រាក់ឈ្នួលដ៏ច្រើនបែបនេះ ៕ (រូបភាព ៖ Manutdnews/The Telegraph/talksport)