ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បាន ស៊ែរ facebook លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ខណៈលោកបានបង្ហោះពី ទឹកចិត្ត គោរព ស្រឡាញ់ អាណិត ភរិយា រហូតដល់ផ្តល់កំណើតក្នុងចំណងអាពាហ៍ពិពាហ៍ បានកូន៣នាក់ ក្នុងបន្ទុក និងគោរពឪពុកម្តាយ ជីវិតតស៊ូ និងអត់ធ្មត់ ។ ក្នុងនោះលោក ទៀ សីហា បានសរសេររបៀបចំអន់ភរិយាផងថា, កូនទី៣ កើតឆ្នាំខាល គេថាឆ្នាំមិនល្អ ព្រោះខ្លាកាច តែលោកទៀ សីហា បាននិយាយថា, ទោះជាយ៉ាងណាក៏មិនកាចដូចភរិយាខ្ញុំដែរ ទើបសម្តេចតេជោ ហ៊ុនសែន បានចូល Comment ថា, (សូមអបអរសាទរចំពោះសមាជិកគ្រួសារថ្មី។ ខ្លាសម័យនេះមិនកាចទេគឺកាចដោយពេល។
កុំឆ្លៀតមើលខេត្ត សៀមរាបដើរចោលផ្ទះ) ។
លោកទៀ សីហា បានចូល Comment ថា , សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជូនពរ និងសាទរចំពោះខ្ញុំ និងភរិយា 🙏🏻🙏🏻❤️🙏🏻🙏🏻។
លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះលើ facebook ផ្លូវការថា, សង្ក្រាន្ត និងកល្យាណី មានប្អូនហើយ
សូរ្យកាន្ត បើកភ្នែកឃើញពន្លឺព្រះអាទិត្យ ជាលើកទីមួយនៃការចាប់ផ្តើមជីវិតរបស់គេ។
ពេលវេលាពិតជាដើរលឿនមែន មួយរំពេចសោះ រៀបការបាន៧ឆ្នាំបានកូន៣។ ល្មមសម្រាប់ខ្ញុំ និងអាចល្មមសម្រាប់ប្រពន្ធដែរ មិននឹកស្មានថា ខ្ញុំនិងប្រពន្ធអាចមានកូនដល់តែ៣បាន៖
• កូនទី១ (សង្ក្រាន្ត)បានធ្វើអោយខ្ញុំយល់ពី ប៉ា និងម៉ាក់ច្រើន មិនថាការស្រឡាញ់ ការមើលថែ ព្រមទាំងក្តីបារម្ភពីកូនគ្រប់ពេល។ លោកប៉ាជាទាហាន រវល់សឹងតែរកពេលជួបកូនមិនបាន (ចាប់ពីការរំដោះរបបប្រល័យពូជសាសន៍រួច រហូតបន្តមានសង្គ្រាមសុីវិលក្នុងប្រទេសកម្ពុជា និងត្រូវការកសាងប្រទេសឡើងវិញ ចាប់ពីចំណុចសូន្យ លោកប៉ាមិនដែលមានពេលនោះទេ។
• កូនទី២(កល្យាណី) ដោយសារតែជំងឺកូវីដ-១៩ ធ្វើអោយខ្ញុំមិនអាចនៅក្បែរបាន តាំងពីកើតមក ជិត៦ខែបានអាចឱបថើបកូនបាន បារម្ភការឆ្លងកូវីដ និងមេរោគផ្សេងៗ។ ចំណុចនេះក៏នឹកដល់ប៉ារបស់ខ្ញុំថែមទៀត ពេលត្រូវបំពេញបេសកកម្មឆ្ងាយពីគ្រួសារ ដើម្បីស្វែងរកសន្តិភាព ក៏ប៉ាត្រូវនៅឆ្ងាយពីកូនដែរ។
• ដល់កូនទី៣ (សូរ្យកាន្ត) យើងមានសន្តិភាពគ្រប់គ្រាន់ កូនខ្ញុំមានសុខភាពល្អ ដៃជើងគ្រប់ មុខមាត់សង្ហារដូចឪពុក។
តែពេលនេះ ត្រូវមើលថែខេត្តសៀមរាបវិញ ជាមួយបងប្អូនមន្ត្រីរាជការគ្រប់ថ្នាក់ ទុកអោយប្រពន្ធ និងបងៗស្រី មើលកូនទាំង៣សិន។
ខ្ញុំមានមោទនភាព សារទរ និងអរគុណណាស់ ចំពោះប្រពន្ធ បានផ្តល់កំណប់ទ្រព្យមួយទៀតអោយខ្ញុំ នាឆ្នាំនេះ។ កំណប់មួយនេះធ្វើអោយប្រពន្ធលំបាកណាស់ ចាញ់ក៏យូរជាងមុន សុខភាពក៏ថមថយ មិនស្រួលដូចបងៗទាំង២មុននោះទេ ប្រពន្ធសរសេថា “ទឹកដោះម្តាយថ្លៃ” គឺពិតជាត្រឹមត្រូវណាស់ មិនអាចប្រកែកបាន។ គេថា កូនកើតឆ្នាំនេះមិនសូវល្អ ព្រោះជាឆ្នាំខាល គេថាកាច តែកាចមិនដល់ប្រពន្ធខ្ញុំទេ 😁😁។ ទោះយ៉ាងណាក៏ដោយ សូរ្យកាន្ត បានកើតក្នុងឆ្នាំដែលប្រទេសកម្ពុជា មានតែសន្តិភាពនិងការអភិវឌ្ឍន៍។
ប្រទេសមានសន្តិភាព បរទេសទទួលស្គាល់ សរសើរកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងជោគជ័យ នេះជាមុខមាត់របស់ប្រទេសកម្ពុជាយើង។ ខេត្តសៀមរាប ក៏មានមោទនភាពដែលទទួលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានផងដែរ ជាឱកាសរបស់ប្រជាជនក្នុងខេត្ត ដើម្បីបង្ហាញមុខមាត់ខេត្ត និងសក្តានុពលទេសចរណ៍របស់យើង។
ខ្ញុំសូមជូនពរដល់ឪពុកម្តាយបានកូនៗមានចៅៗកើតឆ្នាំខាលទាំងអស់(២០២២)មានតែសេចក្ដីសុខ និងសុខភាពល្អ ពិសេសអោយកូនៗចៅៗឆ្នាំខាលយើងចេះកាចដោយពេល អោយមានភាពក្លាហានចំពោះមុខសត្រូវ និងបន្តការពារសន្តិភាពអោយកម្ពុជានៃយើង មានតែភាពរុងរឿង ជានិរន្ត៍។
មួយទៀត ខ្ញុំសូមអរគុណដល់ នយោបាយឈ្នះ ឈ្នះ ដែលបានធ្វើអោយ ឪពុកម្តាយរបស់ខ្ញុំ និងឪពុកម្តាយទូទាំងប្រទេស បានស្គាល់សន្តិភាព និង មានពេលនៅជាមួយគ្រួសារឡើងវិញ បានស្គាល់ពាក្យថាបាយជុំគ្រួសារ បានរួមដំណើរទៅប្រទេសក្រៅជុំជាមួយគ្រួសារ បានអង្គុយមើលទូរទស្សន៍ជុំកូនជុំចៅ បានឃើញកូនចៅរៀនចប់ មានការងារធ្វើ បានឃើញភាពរីកចម្រើននៃ២៥រាជធានី-ខេត្ត និងជាពិសេសបានក្លាយជា លោកតា ជាលោកយាយ របស់ចៅៗទាំងអស់។
ប៉ាជាអ្នកតស៊ូ រីឯ ម៉ាក់ជាអ្នកអត់ធ្មត់ ៕
ដោយ : សុខ ខេមរា