ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអន្តរសភាលើកទី៤៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងបើកកិច្ចប្រជុំគណៈកម្មាធិការស្រ្តី នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ នៅសណ្ឋាគារសុខាភ្នំពេញ បានបង្ហាញនូវការជឿជាក់លើ តួនាទីរបស់សមាជិកសភាស្ត្រី ដែលរួមចំណែកយ៉ាងសំខាន់ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
សម្តេចចក្រី ហេង សំរិន បានគូសបញ្ជាក់អំពីភាពចាំបាច់របស់សមាជិកសភាស្រ្តី ថាជាផ្នែកមួយដ៏សំខាន់នៃមហាសន្និបាតអាយប៉ា ដែលបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តី ក្នុងការជំរុញឱ្យអាស៊ានផ្តោតទៅលើប្រជាជន ដែលក្នុងនោះស្ត្រីត្រូវបានផ្ដល់ភាពអង់អាច ឱ្យក្លាយជាផ្នែកមួយក្នុងដំណើរការនៃការសម្រេចចិត្ត ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ជាតិ តំបន់ និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគស្មាញ។
កិច្ចប្រជុំសមាជិកសភាស្រ្តីអាយប៉ា ជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំនានានៃគណៈកម្មការមហាសន្និបាតអាយប៉ាលើកទី៤៣។ កិច្ចប្រជុំនេះ បានពិភាក្សាលើ សេចក្តីសម្រេចស្តីពី របាយការណ៍នៃគណៈកម្មាធិការសម្របសម្រួលសភាស្ត្រីអាយប៉ា (WAIPA) សេចក្តីសម្រេចស្តីពី សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី ដើម្បីការស្តាឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ សេចក្តីសម្រេចស្តីពី ការលើកកម្ពស់តួនាទីរបស់តំណាងរាស្ត្រស្ត្រីក្នុងការនាំមកនូវវឌ្ឍនភាពរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ។
បន្ទាប់ពីការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរបស់សម្តេចប្រធានរដ្ឋសភារួចមក កិច្ចប្រជុំបានដំណើរការបន្ត ក្រោមការដឹកនាំរបស់ លោកជំទាវ ឡោក ខេង សមាជិកគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣៕ ដោយ៖សហការី