ភ្នំពេញ : នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ,កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីស្តីទីយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអេកម៉ិក និងដៃគូអភិវឌ្ឍន៍ លើកទី១ ដែលរៀបចំឡើងដោយប្រទេសថៃ ក្នុងទម្រង់ Hybrid នៅទីក្រុងបាងកក។ កិច្ចប្រជុំនេះ ដឹកនាំដោយប្រទេសឡាវ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអេកម៉ិកលើកទី១០ ដោយមានការអញ្ជើញចូលរួមពីឧត្តមមន្រ្តីអេកម៉ិក (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម) និងដៃគូអភិវឌ្ឍន៍របស់អេកម៉ិក រួមមាន អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន សា.កូរ៉េ អាមេរិក អ៊ីស្រាអែល និងនូវែលសេឡង់។
សូមជម្រាបជូនថា, នៅក្នុងកិច្ចប្រជុំ លោក សុខ សូកេន បានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមចំណែកបំពេញបន្ថែមរបស់ដៃគូអភិវឌ្ឍន៍នីមួយៗ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអេកម៉ិក ក្នុងការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអនុតំបន់មេគង្គ តាមរយៈយន្តការអេកម៉ិក ជាពិសេស កិច្ចប្រជុំបានអនុម័តផែនការអភិវឌ្ឍន៍រួមគ្នារវាងអេកម៉ិក និងក្រុមទី១ នៃដៃគូអភិវឌ្ឍន៍អេកម៉ិករួមមាន អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន សា.កូរ៉េ និងអាមេរិក។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែក និងគាំទ្រដល់ក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គរបស់យើង រួមមានយន្តការក្នុងក្របខណ្ឌ គណៈកម្មការទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន កិច្ចសហប្រតិបត្តិការមេគង្គ-សា.កូរ៉េ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ភាពជាដៃគូមេគង្គ-អាមេរិក និងភាពជាដៃគូមេគង្គ-អូស្រា្តលី ៕
ដោយ : សហការី