ក្រសួងបរិស្ថាន : បង្កើតនូវកាលានុវត្តភាពសម្រាប់ ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ

ចែករំលែក៖

ភ្នំពេញ : ក្រសួងបរិស្ថាន បានកំពុងជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ជាជាពិសេស ធានានូវផលប្រយោជន៍ផ្ទាល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង កាត់បន្ថយផលប៉ះពាល់លើធនធានធម្មជាតិ។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានកំពុងជំរុញការអនុវត្តគោលនយោបាយ ផែនការ និង យុទ្ធសាស្រ្តរបស់ខ្លួន ដោយទី១ ផ្តោតលើផែនការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាសសរកន្លោង ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្ត ក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង ខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងសុខភាពសាធារណៈតាមរយៈមុខងារអេកូឡូស៊ី ហើយទី២ ផ្តោតលើការជួយអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ សម្រាប់ទ្រទ្រង់កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញតំបន់ការពារធម្មជាតិ ដែលក្នុងនោះការបង្កើត អេកូទេសចរណ៍ ដែលបានរួមចំណែកសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិ។

បទពិសោធន៍ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ការលើកកម្ពស់ចីរភាព និង ការពង្រឹងចលនាទេសចរណ៍ផ្ទៃក្នុង គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់នៃវិស័យ ទេសចរណ៍។

ក្នុងពិធីបិទ«វេទិកាជាតិអេកូទេសចរណ៍លើកទី ៣» នារាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅមានភាពផុយស្រួយនៅឡើយ, ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ នឹងបង្កើតនូវកាលានុវត្តភាពថ្មីៗសម្រាប់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនឹងមានសិទ្ធិអំណាចផ្ទាល់ក្នុងការរៀបចំ និង ចាត់ចែងអភិវឌ្ឍសហគមន៍របស់ខ្លួន និងជាពិសេស មានឱកាសស្វែងរកចំណូលបន្ថែម តាមរយៈវិស័យទេសចរណ៍នៅតាមសហគមន៍របស់ខ្លួន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយជាតិ អេកូទេសចរណ៍ ២០១៩-២០៣០ និង បានកំណត់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូ ទេសចរណ៍ជាស្នូលដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍ ដើម្បីពង្រឹងមូលដ្ឋាននៃវិស័យ ទេសចរណ៍ និងជាពិសេស ធានានូវផលប្រយោជន៍ផ្ទាល់ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និង កាត់បន្ថយផលប៉ះពាល់លើធនធានធម្មជាតិ។

សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់សហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោយពី វេទិកាជាតិអេកូទេសចរណ៍ លើកទី ២ ក្នុងនោះរួមមាន៖ ការបង្កើត បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ការបន្តអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា ការដាក់ចេញនូវ គោល-ការណ៍ណែនាំស្តីពីការបង្កើតសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ជាដើម។

ក្នុងពិធីបិទ«វេទិកាជាតិអេកូទេសចរណ៍លើកទី ៣» ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៧ បន្ថែមទៀត ដើម្បីបន្តពង្រឹង និង ពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ ទេសចរណ៍ និង អេកូទេសចរណ៍ នៅកម្ពុជា៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print