ខេត្តកណ្ដាល: ជនសង្ស័យ៤នាក់ខឹងនឹងក្មេងមួយក្រុមយកដុំថ្មគប់ចូលផ្ទះបាននាំគ្នាបើករថយន្តដើររកដោយមានពូថៅ ដំបង បំពង់ទីបផង ហើយខណ:ឃើញយុវជន២នាក់ផ្សេងទៀតកំពុងឈរនោមក៏សង្ស័យថាជាក្រុមក្មេងដែលគប់ផ្ទះរបស់ខ្លួនក៏ឈប់រថយន្តចុះទៅវាយបណ្ដាលឱ្យរងរបួសយ៉ាងដំណំ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទីយប់ នៅចំណុចផ្លូវជាតិលេខ២១ ក្នុងភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់គឺ ១-ឈ្មោះ
ញ៉ក់ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២-ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ០៤នាក់៖ ១-ឈ្មោះអ៉ី ចាន់ថា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល(ឃាត់ខ្លួន)។ ២-ឈ្មោះអ៉ី ដារ៉ារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវជាកូនរបស់ឈ្មោះអ៉ី ចន្ថា (ឃាត់ខ្លួន)។ ៣-ឈ្មោះ អ៉ី ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់កញ្ចក់ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ៤-ឈ្មោះ វីដ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(គេចខ្លួន)។ វត្ថុតាងចាប់យក៖ ពូថៅដងឈើចំនួន០១(របស់ជនសង្ស័យ) , ដែកបំពង់ទីបចំនួន០១(របស់ជនសង្ស័យ) , រថយន្ត០១គ្រឿងម៉ាក ព្រូស ពណ៌ស គ្មានស្លាកលេខ គ្មានពន្ធ (របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ មានក្មេងទំនើង០១ក្រុម បានយកដុំថ្មគប់ចូលផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យទាំង៤នាក់បានចេញពីក្នុងផ្ទះ រួចបើករថយន្តយកពូថៅនិងដំបងបំពង់ទីប ជិះដើររកក្រុមក្មេងទំនើងទាំងនោះ ។
នៅពេលជិះដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះទាំង២នាក់កំពុងឈរនោម ក៏បានចុះទៅ រួចហើយយកពូថៅនិងដំបងទីប ដេញកាប់និងវាយជនរងគ្រោះឈ្មោះហែម សំណាង បណ្តាលឱ្យមានរបួសស្នាមមុតជ្រៅត្រង់ខ្នងជាច្រើនកន្លែង។ បន្ទាប់ពីកាប់និងវាយជនរងគ្រោះរួច ក្រុមជនសង្ស័យបានលើកជនរងគ្រោះដាក់ក្នុងរថយន្តយកមកផ្ទះរបស់ខ្លួនដើម្បីសួរនាំ ។ ក្រោយមកក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនិងយកមកសាកសួរនិងចាត់ការតាមនិតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ៕ ដោយស្អាងជ័យ