នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា​ បន្តទទួលបានបណ្តឹង២ទៀត ស្នើឱ្យជួយសង្គ្រោះជនបរទេស ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនបរទេសចំនួន ០៣នាក់​ នេះបើ​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២១ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកអ្នកនាំពាក្យ​ បានថ្លែងបញ្ជាក់ថា៖ សំណើទាំង ០២ករណី រួមមាន០២សញ្ជាតិ៖ ស្នើឱ្យសង្រ្គោះជនជាតិម៉ាឡេស៉ី ០១នាក់ និងរុស្ស៉ី ២នាក់។ 

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ គូសបញ្ជាក់​បន្ថែម​ថា៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ​ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦០៩ករណី មានមនុស្ស ១,៥១៤នាក់

២៖ បានស្រាវជ្រាវ៣អង្កេត រកឃើញ ៣២៤សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញមនុស្ស ៧៣២នាក់, ឃាត់ខ្លួនជនសង្ស័យ ៨៨នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៤៨ករណី។

សូមរម្លឹកផងដែរថា​ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print