តាមការប្រកាសរបស់ក្រសួងមហាផ្ទៃតួកគីបានឱ្យដឹងថា មានមនុស្សរាប់សិបនាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានករណីលោតពីលើផ្ទះក្នុងពេលរញ្ជួយដីកើតឡើង ដោយខ្លាចផ្ទះបាក់សង្កត់ពីលើ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានអង្រួនភាគពាយព្យនៃប្រទេសតួកគី និងមានអារម្មណ៍ថារញ្ជួយដល់ទីក្រុងអ៉ីស្តង់ប៊ូល ( Istanbul )នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បណ្តាលឱ្យមនុស្សចំនួន៥០នាក់រងរបួស ខណៈដែលសំណង់អគារមួយចំនួនក្នុងទីក្រុង Duzce រងការខូចខាត។
ចំណុចកណ្តាលនៃការរញ្ជួយបានកើតឡើងនៅទីប្រជុំជន Golyaka ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងអុីស្តង់ប៊ូល ប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់ឬការបំផ្លិចបំផ្លាញធំធេងនោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Anadolu ទីស្នាក់ការតុលាការប្រចាំទីក្រុង Duzce ក៏ស្ថិតក្នុងចំណោមអគារចំនួន៨ដែលរងការខូចខាតនៅតំបន់នេះដែរ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្នរបស់ប្រទេសតួកគី (AFAD) បានបញ្ជូនភួយនិងតង់រាប់ពាន់ទៅកាន់តំបន់នៃការរញ្ជួយដីដែលបានធ្វើឱ្យមនុស្ស ៣៧នាក់ រងរបួសនៅក្នុងទីក្រុង Duzce ហើយក៏មានអ្នករងរបួសនៅក្នុងទីក្រុងអ៉ីស្តង់ប៊ូល (Istanbul) ហ្សូហ្គោលដាក (Zonguldak) និងបួសា (Bursa) ផងដែរ។
កាលពីឆ្នាំ១៩៩៩ ការរញ្ជួយដីដ៏ខ្លាំងចំនួន២លើក បានសម្លាប់មនុស្សចំនួន ១៨,០០០នាក់ នៅភាគពាយព្យនៃប្រទេសតួកគី។ ដោយឡែកក្នុងឆ្នាំ២០២០ មនុស្សជាង១០០នាក់ បានស្លាប់នៅក្នុងការរញ្ជួយដីនៅភាគខាងលិចនៃទីក្រុង Izmir៕ ដោយធីរីណា
រូបថត : Vietnam+