ភ្នំពេញ : ក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានលើកឡើងថា, តម្រូវការនៃបរិភោគសាច់សត្វព្រៃគឺជាកត្តាចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះ យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខ័ណ្ឌរដ្ឋបាលព្រៃឈើនៃខេត្តមណ្ឌលគិរី អង្គការWWF និងដៃគូរផ្សេងទៀត ដើម្បីអំពាវនាវឲ្យបញ្ឈប់ការបរិភោគ និងការជួញដូរសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។
ភោជនីយដ្ឋានសរុបចំនួន៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី បានគាំទ្រសកម្មភាពយុទ្ធនាការនេះ ហើយចូលរួមប្តេជ្ញាចិត្តមិនលក់ម្ហូបសាច់សត្វព្រៃនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួនដាច់ខាត។ ជាងនេះទៀត ពួកគេទាំងអស់ក៏បានបិតខិតប័ណ្ណផ្សព្វផ្សាយក្នុងបរិវេនភោជីយដ្ឋានរបស់ខ្លួន ដើម្បីបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ភ្ញៀវរបស់ខ្លួនអំពីហានិភ័យដល់សុខភាពដែលអាចបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ។ សូមអានតារាងរាយនាមភោជនីយដ្ឋាន៣២កន្លែង
តាមរយៈគេហទំព័រ ៖ https://zerowildmeat.org/kh/ សាធារណៈជនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងសកម្មភាពនៃយុទ្ធនាការតាមរយៈការផ្តល់ការប្តេជ្ញាចិត្តមិនបរិភោគ មិនទិញ មិនលក់ និងមិនជួញដូរសាច់សត្វព្រៃ។ យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃជាផ្នែកមួយនៃយុទ្ធនាការធំគឺ៖ «យុទ្ធនាការអន្ទាក់សូន្យ» ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទដែលមិនត្រឹមត្រូវរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជា និងការពារសុខភាពសាធារណៈឲ្យចៀសផុតពីជំងឺឆ្លងនានាទៅថ្ងៃអនាគត។
#បញ្ឈប់ការបរិភោគសាច់សត្វព្រៃ #ការពារសុខភាពយើង #និយាយថាទេចំពោះសាច់សត្វព្រៃ #បញ្ឈប់ការជួញដូរសត្វព្រៃ ៕
ដោយ : សហការ