ត្រៀមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ : កិច្ចប្រជុំពិភាក្សាដើម្បីត្រៀមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

សូមបញ្ជាក់ថា,ទីស្ដីការក្រសួង៖ ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ១)ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រុមការងារបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការបានរលូនប្រកបដោយប្រសិទ្ធភាព ២)ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់ ៣)បំណែងចែកក្រុមការងារបណ្តោះអាសន្នសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្របសម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។  

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខ ដែលគម្រោងនេះនឹងចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print