ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ និងនារីជាបងស្រីបង្កើត ត្រូវរងរបួសធ្ងន់បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាទើបចេញពីបុណ្យសពអ៊ុំបង្កើត បំណងត្រឡប់ទៅផ្ទះវិញ ក៏ត្រូវរថយន្តដឹកថ្មធុនធំ មួយគ្រឿងបើកបុក និងកិនជនរងគ្រោះ បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទល់មុខបុរីមង្គលភ្នំពេញ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពយុវជនរងគ្រោះ ឈ្មោះ រី រក្សា អាយុ១៦ឆ្នាំ មានទីលំនៅ ក្នុងខណ្ឌកំបូល ។ ចំណែកឯនារីជាបងស្រី មិនត្រូវស្គាល់អត្តសញ្ញាណឡើយ គ្រាន់ដឹងមានអាយុប្រមាណ២០ជាង ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹង ថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 1GW-2307 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ។ លុះខណៈធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តដឹកថ្មធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-8261 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នា បានបើកទៅបុកពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យខ្ទាតដួលម៉ូតូ និងជនរងគ្រោះម្នាក់ ( អ្នកឌុបជាប្អូន ) ចូលក្រោមកង់រថយន្ត កិនស្លាប់នៅហ្នឹងកន្លែង និង នារីជាបងស្រី បានដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ។
ភ្លាមៗ អ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្ត រត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យ ។ ដោយឡែក នារីរងគ្រោះ ត្រូវបានពលរដ្ឋ ជួយទាក់ទងទៅកាន់រថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ ទន្ទឹមនឹងនោះដែរ គេសង្គេតឃើញក្រុមគ្រួសារសាច់ញាតិ របស់សពជនរងគ្រោះ បានទៅដល់កន្លែងកើតហេតុ តែបានត្រឹមអង្គុយទ្រហោយំគួរអោយសង្វែកបំផុត ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែង អូចយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ