ព័រទុយហ្គាល់បានរក្សាកៅអីរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ជាមួយនឹងជ័យជម្នះលើក្រុមអ៊ុយរ៉ាហ្គាយក្នុងការជួបគ្នាដ៏សំខាន់នៅឯកីឡដ្ឋាន Lusail កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ការប្រកួតក្នុងតង់ទី១ពុំមានគ្រាប់បាល់បញ្ចូលទីនោះទេ រហូតដល់តង់ទី២នាទីទី៥៤ ខ្សែបម្រើប្រយុទ្ធ Bruno Fernandes រកបាន១គ្រាប់នាំមុខបើទោះបីជា Cristiano Ronaldo បានហក់តែតមិនចំក្បាលរបស់គាត់ក៏ដោយ។ ព័រទុយហ្គាល់បានដំណើរការភាគច្រើនរហូតដល់ពួកគេនាំមុខ ប៉ុន្តែអ៊ុយរ៉ាហ្គាយដែលឥឡូវនេះត្រូវតែយកឈ្នះហ្គាណាដាច់ខាតក្នុងការប្រកួតចុងក្រោយក្នុងពូលH របស់ពួកគេដើម្បីមានឱកាសឡើងវគ្គ១៦ក្រុមដែរ បានបង្កើតឱកាស និងកំពុងតែមាន១ពិន្ទុនៅក្នុងដៃ។
ការប្រកួតក្នុងតង់ទី១ខ្សែប្រយុទ្ធអ៊ុរ៉ាហ្គាយ Rodrigo Bentancur មានឱកាសរកបាន១គ្រាប់ទៅហើយ ប៉ុន្តែត្រូវបានសង្គ្រោះរបស់អ្នកចាំទីព័រទុយហ្គាល់ Diogo Costa ខណៈដែលកីឡាករ Maxi Gomez បានវាយបកដើម្បីស្វែងរកគ្រាប់បាល់តាមស្មើឲ្យអ៊ុយរ៉ាហ្គាយ។
ព័រទុយហ្គាល់បានបញ្ចប់ការទទួលជ័យជម្នះនៅក្នុងម៉ោងបន្ថែម៩០+៣ នៅពេលដែល Fernandes ទទួលបានគ្រាប់បាល់ទី២របស់គាត់ ដោយការស៊ុតបាល់ប៉េណាល់ទី។ កីឡាកររូបនេះស្ទើរតែរកបានគ្រាប់បាល់ Hat-trick ទៅហើយមុនការផ្លុំកញ្ចែចុងក្រោយដោយស៊ុត១គ្រាប់ទៀតចំគោលដៅ ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី។
ការប្រកួតនេះត្រូវបានរំខាននៅក្នុងតង់ទីពីរដោយមានចូលក្នុងទីលានដែលកាន់ទង់ឥន្ទធនូ និងពាក់អាវយឺតដែលមានអក្សរសរសេរថា ‘Save Ukraine’ នៅខាងមុខ និង ‘Respect for Iranian’ នៅខាងក្រោយផងដែរ។
ជ័យជម្នះនេះធ្វើឲ្យព័រទុយហ្គាល់បានឈានដល់វគ្គ១៦ក្រុមចុងក្រោយប្រកបដោយសុវត្ថិភាព បើទោះបីការប្រកួតក្នុងវគ្គចែកពូលនៅសល់១ប្រកួតទៀតក៏ដោយ ដោយត្រូវប៉ះក្រុមកូរ៉េខាងត្បូង ខណៈអ៊ុយរ៉ាហ្គាយត្រូវប៉ះហ្គាណាដែលមាន៣ពិន្ទុឈរលេខ២។ការប្រកួតនេះប្រសិនបើអ៊ុយរ៉ាហ្គាយចាញ់ ឬស្មើហ្គាណានោះនឹងមិនមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមនោះទេ។
ចំណែកខ្សែបម្រើ Casemiro រកបានគ្រាប់បាល់ដំបូងរបស់គាត់គឺជាគ្រាប់បាល់ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយជួយឲ្យម្ចាស់ជើងឯក៥សម័យកាលប្រេស៊ីលផ្តួលស្វីសដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ World Cup នៅកាតាឆ្នាំនេះក្នុងពូល G។
ការជួបគ្នាដ៏ស្វិតស្វាញដើម្បីស្វែងរក៣ពិន្ទុបានកើតឡើងក្នុងរយៈពេល៧នាទីជិតចប់ការប្រកួត ខណៈដែលខ្សែបម្រើ Casemiro របស់ក្រុម Manchester United បានធ្វើការព្យាយាមជាលើកដំបូងដោយស៊ុតធ្វើឱ្យអ្នកចាំទី Yann Sommer ស្វ៊ីសមិនអាចជួយសង្គ្រោះបាន។
ប្រេស៊ីលដែលបានទទួលជ័យជម្នះបើកឆាកលើស៊ែប៊ី ដើម្បីឈរនៅលើកំពូលតារាង ហើយនឹងធានាបាននូវចំណាត់ថ្នាក់កំពូលជាមួយនឹង៣ពិន្ទុបន្ថែមក្រោយពីយកឈ្នះស្វ៊ីសនៅពេលនេះ។ ក្រុមរបស់លោក Tite គិតថាពួកគេបានបំបែកភាពជាប់គាំងបន្ទាប់ពីVinicius Jr ព្យាយាមរកគ្រាប់បាល់ ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយអ្នកចាមទីស្វ៊ីស និងគ្រាប់បាល់ត្រូវបានច្រានចោលដោយសារការឆែកមើល VAR ។
រីឯក្រុមរបស់លោក Murat Yakin ប្រហែលជាគិតថាពួកគេនឹងគេចចេញដោយទទួលបាន១ពិន្ទុបើសិនជាស្មើ ប៉ុន្តែគ្រាប់បាល់របស់ Casemiro បានធ្វើឱ្យអ្នកគាំទ្រប្រេស៊ីលលោតចូលកីឡដ្ឋាន 974 ដោយក្តីរំភើបដែលបានកក់កៅអីទៅកាន់វគ្គ១៦ក្រុម។
ការកក់កៅអីរបស់ក្រុមសាំបាប្រេស៊ីលនេះគឺជាការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup លើកទី១៩ក្នុងការបង្ហាញខ្លួន២២លើក។ ប្រេស៊ីលបានកក់កៅអីវគ្គ១៦ក្រុម បើទោះបីជានៅសល់១ប្រកួតទៀតក៏ដោយ ដែលការប្រកួតចុងក្រោយនៃវគ្គជម្រុះតាមពូល G គឺត្រូវប៉ះកាមេរូន ខណៈស្វ៊ីសត្រូវប៉ះស៊ែប៊ី។ ប្រសិនបើស្វ៊ីសទប់ឲ្យបានស្មើជាមួយស៊ែប៊ី ហើយប្រេស៊ីលស្មើជាមួយកាមេរូន នោះស្វ៊ីសនឹងមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយដែរ ។
គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ គេបានរកឃើញ៣ក្រុមដែលកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយរួចទៅហើយ បើទោះបីជានៅសល់ការប្រកួតក្នុងវគ្គចែកពូល១ប្រកួតទៀតក៏ដោយ។ ក្រុមទាំង៣ដែលបានកក់កៅអីមុនគេគឺក្រុមមាន់គកបារាំង, ក្រុមសាំបាប្រេស៊ីលនិងក្រុមបញ្ចខែលព័រទុយហ្គាល់ ៕ (រូបភាព ៖ BBC Sport)