ភ្នំពេញ៖ បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិសកលយ៉ាងណាក៏ដោយក៏ទុនវិនិយោគលើវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាមានការកើនឡើង។ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២ នេះ កម្ពុជាមានរោងចក្របង្កើតថ្មី ១៦១ រោងចក្រធ្វើឱ្យចំនួនរោង ចក្រសរុបចំនួន ១ ៩៦៨ រោងចក្រ និងមានទុនវិនិយោគសរុប មានទំហំទឹកប្រមាណជាង ១៦ ពាន់លានដុល្លារអាមេរិក ។
លោក ហេង សុខគង់ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍មានប្រសាសន៍នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា កម្ពុជាគឺជាប្រទេសមួយទទួលបានលំហូរនៃការវិនិយោគជាបន្តបន្ទាប់ ដែលប្រការទាំងនេះ បានបង្ហាញអំពីមោទនភាពរបស់កម្ពុជា ទោះបីស្ថិតនៅក្នុងវិបត្តិសកល រវាងសង្គ្រាមរុស្សី-អ៊ុយក្រែន និងវិបត្តិជំងឺកូវីដ ១៩ ដែលមិនទាន់បានស្ងប់ស្ងាត់នៅឡើយក៏ដោយ។
លោករដ្ឋលេខាធិការបន្តថាជាក់ស្តែងវិស័យឧស្សាហកម្ម បើគិតពីដើមឆ្នាំ រហូតដល់ពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រសួងទទួលបានការចុះបញ្ជី រោងចក្រថ្មី មានចំនួន ១៦១ រោងចក្រ ។ បើគិតរោងចក្រសរុបទាំងអស់មានចំនួនប្រមាណ ១ ៩៦៨ រោងចក្រ មានទុនវិនិយោគសរុបប្រមាណជាង ១៦ ពាន់លាដុល្លារអាមេរិក ខណៈនៅត្រឹមឆ្នាំ ២០២១ មានទុនវិនិយោគជាង ១៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ស្របពេលមានកំណើននេះ កម្ពុជាក៏មានរោងចក្របិតទ្វារក្នុងឆ្នាំ ២០២២ មានចំនួន ៧២ រោងចក្រ ខណៈនៅឆ្នាំ ២០២១ មានរោងចក្របិតទ្វារ រហូតដល់ ១៤៨ រោងចក្រ។ ទាំងនេះដោយសារតែគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលបើកចំហរសម្រាប់អ្នកវិនិយោគ និងជាពិសេសអ្នកវិនិយោគមើលឃើញអំពីចំណុចល្អជាច្រើននៅក្នុងច្បាប់របស់ប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការ ហេង សុខគង់ បន្តឲ្យដឹងថា ចំពោះការនាំចេញ បើគិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២២ នេះ មានទំហំទឹកប្រាក់ជិត ១២ ពាន់លានដុល្លារអាមេរិក។ ដូច្នេះប្រទេសកម្ពុជានិងបន្តឈរយ៉ាងរឹងមាំប្រកបដោយនិរន្តរភាពជាមួយនឹងសេដ្ឋកិច្ចច្បាស់លាស់សម្រាប់ការអភិវឌ្ឍន៍៕ ដោយ៖ សូរិយា