ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះ ឆ្នោតប្រញាប់ទៅចុះឈ្មោះបោះឆ្នោតខណៈដែលពេល វេលានៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះនិងត្រូវបញ្ចប់។ ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣នឹងត្រូវធ្វើឡើងថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៣។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប.បានឲ្យដឹងថា រយៈពេលជាង១ខែ ពោលចាប់ពីថ្ងៃទី២០ខែតុលា រហូតដល់ថ្ងៃទី២៩ខែ វិច្ឆិកានេះពលរដ្ឋជាង៥០ម៉ឺននាក់ បានអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីរួចរាល់ ខណៈដំណើរចុះ ឈ្មោះគ្រោងនឹងបញ្ចប់រយៈពេល១០ថ្ងៃទៀត។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ចេញផ្សាយកាលថ្ងៃ ទី២៧ ខែវិច្ឆិកានេះ បានបង្ហាញពីលទ្ធផលបណ្តោះ អាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២២ ដោយគិតចាប់ពីថ្ងៃទី២០ខែតុលា រហូតថ្ងៃទី២៨ខែវិច្ឆិកាម្សិលមិញ អ្នកចុះឈ្មោះបោះ ឆ្នោតថ្មី មានចំនួនជាង៥០ម៉ឺននាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង២សែននាក់,អ្នកដែលបានកែតម្រូវទិន្នន័យមានជាង៥ម៉ឺននាក់ និងអ្នកដែលផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១សែននាក់។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រសាសន៍ថា ការប្រព្រឹត្តិទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ស្ថិតក្នុងបរិយាកាស សុវត្ថិភាព និងសន្តិសុខល្អ ប៉ុន្តែក៏មានផលរំខានតិចតួចដែរ ដូចជាមានភ្លៀងធ្លាក់និងសេវា Internetជាដើម។យ៉ាងណាក្តីបញ្ហាទាំងអស់នេះ ត្រូវបានឝ.ជ.ប ដោះស្រាយបានភ្លាមៗ។ ក្រៅពីនេះលោកបានជំរុញដល់ប្រជាពលរដ្ឋមិនទាន់ចុះបោះឆ្នោតថ្មី សូមអញ្ជើញរួសរាន់ទៅចុះឲ្យបានគ្រប់ៗគ្នា។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ប្រព្រឹត្តទៅ ជារៀងរាល់ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខ័ណ្ឌដូចជា៖ ត្រូវបង្ហាញខ្លួន និងមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព, ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង គិតត្រឹម ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ពោលគឺត្រូវកើតមុន ឫត្រឹមថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០០៥ និង មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕
ដោយ៖សូរិយា