ភ្នំពេញ: អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនជ្រាបថា៖
កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមសង្គមស៊ីវិល បានធ្វើសេចក្ដីថ្លែងការណ៍ទាមទារ អោយមានការដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ដែលត្រូវបានចៅក្រមស៊ើបសួរ ឃុំខ្លួនកាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ០១៣ ចុះថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ ដែលត្រូវបានចោទប្រកាន់ តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ០១៩ អ.យ.ន ចុះថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនត្រូវចោទឈ្មោះ ឈឹម សុីថរ បានចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការ អនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះគឺបានបំពានលើកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា “ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន”។
ចំពោះការលើកឡើងថា ជនត្រូវចោទមិនបានទទួលដំណឹងពីដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិត នៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុងចេតនាមិនទទួលខុស ត្រូវចំពោះមុខច្បាប់។ ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរ សម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំនោះ ចៅក្រមស៊ើបសួរ ប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឹងម៉ាត់។
អាស្រ័យហេតុនេះ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ធ ជ្រាបជាព័ត៌មាន៕
ដោយ : សិលា