អណ្តើកហ្លួងឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ យោងពីប្រភពអង្គការ WCS បានអោយដឹងថា៖ កាលពីសប្តាហ៍កន្លងទៅ អ្នកនេសាទដែលរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង បានប្រទះឃើញអណ្តើកហ្លូងញីមួយក្បាលរងរបួសធ្ងន់ត្រង់ស្នូកខាងលើកំពុងហែលនៅក្នុងប្រឡាយទឹករាក់ដែលតភ្ជាប់ពីដងព្រែកស្រែអំបិល។ ក្រោយពីបានស្គាល់ថាអណ្តើកនោះជាប្រភេទអណ្តើកហ្លួងដែលត្រូវការពារ អ្នកនេសាទនោះបានយកមកប្រគល់ជូនក្រុមការងារអង្គការ WCS ប្រចាំស្រុកស្រែអំបិលដើម្បីពិនិត្យព្យាបាល។ អណ្តើកនោទម្ងន់១៤,៩គីឡូក្រាម បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេងធ្លាយពីលើដល់ក្រោម ទំនងជាត្រូវរបួសដោយសារស្លាបចក្ររបស់សាឡង់ ឬកប៉ាល់ដឹកខ្សាច់ ឬទំនិញធំៗ ដែលចរាចរតាមផ្លូវទឹកផ្នែកខាងក្រោមនៃប្រព័ន្ធព្រែកស្រែអំបិលជាប់នឹងឆកសមុទ្រនៃស្រុកស្រែអំបិល។ យោងតាមការពិនិត្យមើលស្នាមរបួស អណ្ដើកហ្លួងនោះ ទំនងជាបានរងគ្រោះថ្នាក់អស់រយៈពេលជាងមួយខែហើយ  ព្រោះមុខរបួសបានជាសះស្បើយស្ទើរតែទាំងស្រុងទៅហើយ លើកលែងតែស្នូកទេដែលមិនទាន់តជាប់គ្នាវិញបាន។

យោងតាមទិន្នន័យនៅក្នុងបន្ទះឈីប(Chip) ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារអង្គការ WCS អាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកនោះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមគម្រោងអភិរក្សអណ្តើកហ្លួង ដែលអនុវត្តដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផល។ ដោយពិនិត្យឃើញស្នាមរបួសមានសភាពធ្ងន់ធ្ងរ ក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងឆ្លងតាមការពិគ្រោះយោបល់ជាមួយអ្នកជំនាញនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបញ្ជូនអណ្ដើកនេះ ទៅកាន់មជ្ឈមណ្ឌល ACCB នៅក្នុងខេត្តសៀមរាប ដើម្បីពិនិត្យនិងព្យាបាល។ ទោះបីជាអណ្តើកនោះបានរងរបួសធ្ងន់ធ្ងរក្តី ក៏ប៉ុន្តែមុខរបួសហាក់ដូចជាបានជាសះស្បើយស្ទើរតែទាំងស្រុងហើយ។ តែទោះជាយ៉ាងនេះក្តី អណ្តើកនោះត្រូវការរយៈពេលយូរដើម្បីព្យាបាលរបួសនៅមជ្ឈមណ្ឌល ACCB ឱ្យជាសះស្បើយទាំងស្រុងដូចសភាពដើមវិញ។ យោងតាមលទ្ធផលនៃការថតកាំរស្មីអិច (X-Rays) ពុំមានសញ្ញាណអ្វីមួយដែលត្រូវព្រួយបារម្ភបន្ថែមទេ។

អណ្តើកហ្លួងត្រូវបានចាត់ទុកជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ អណ្តើកហ្លួងក៏ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទដែលអង្គការសាយតេស និងច្បាប់ជលផលនៃព្រះរាជាណាចក្រកម្ពុជា ហាមដាច់ខាតមិនឱ្យចាប់ លក់ ដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print