ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ ដោយសារខឹងជនរងគ្រោះរករឿងនិងស្ទុះមកច្របាច់កខ្លួននោះ បានយកដុំឥដ្ឋដែលនៅក្បែរវាយក្បាលជនរងគ្រោះរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណ:បញ្ជូនដល់មន្ទីរពេទ្យ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី ស្ថិត្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថាជនរងគ្រោះឈ្មោះ យ៉ន យ៉ាត ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល(ស្លាប់) ។ ចំណែកជនសង្ស័យឈ្មោះ ប៉ែន វិបុល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវរយៈពេល០៣ឆ្នាំពីបទ:អំពើលួច(ម៉ូតូ)។វត្ថុតាងចាប់យកមានឥដ្ឋប្រហោងចំនួន០៤ដុំ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេីជនសង្ស័យបានដើរទៅទិញតែក្រូចឆ្មារផឹកនៅជិតផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះស្រវឹងស្រាហេីយបានរករឿងជនសង្ស័យដោយបាននិយាយថា អញវ៉ៃហ្អែងម៉ាខ្សែក្រវាត់ឥឡូវ តែជនសង្ស័យមិនបានតបតទៅជនរងគ្រោះវិញទេ ក៏បានដើរត្រឡប់មកដល់មុខផ្ទះឈ្មោះ ម៉ូ ចាន់ថុល ជនរងគ្រោះបានច្របាច់កជនសង្ស័យ ពេលនោះជនសង្ស័យក៏បានវាយជនរងគ្រោះមួយកែងត្រូវចំថ្គាម បណ្ដាលឱ្យជនរងគ្រោះដួលទៅលើដី ហើយជនសង្ស័យបានទាត់ធាក់និងយកដុំឥដ្ឋវ៉ៃជនរងគ្រោះត្រូវចំថ្គាមបន្ថែមទៀត រួចហើយជនសង្ស័យបានយកឥដ្ឋប្រហោងវ៉ៃទៅលើជនរងគ្រោះបន្ថែមទៀតបណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ តែជនរងគ្រោះបានស្លាប់នៅឯមន្ទីរពេទ្យ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ ស្អាងជ័យ