ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុនិងយុវជនម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិជ្រៃកោង តាមបណ្តោយផ្លូវវេងស្រេងស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ វិន វ៉ាត់ឆៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិតាពោនខាងលិច ឃុំសំរោង ស្រុកសំរោង ខែត្តតាកែវ ចំណែកឯម្នាក់ទៀតដែលរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ពួកគេជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CY-4572 ។
តាមប្រភពពីសន្តិសុខម្នាក់បានឱ្យដឹងថា មុនកេីតហេតុគាត់ឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វេីដំណេីរតាម បណ្ដោយផ្លូវវេងស្រេងក្នុងល្បឿនលឿនដូចហោះពីកើតទៅលិច ខណៈមកដល់ចំណុចកេីតហេតុខាងលើដោយសារផ្លូវកោងផងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ជាអ្នកបើកម៉ូតូខ្ទាតបោកក្បាលទៅនឹងស្លាកប៉ាណូស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ហើយភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះជីវិតផងដែរ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅខណ្ឌពោធិ៍សែនជ័យ រង់ចាំប្រគល់ឱ្យសាច់ញាតិនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ